តម្លៃ​ភាគហ៊ុន Kopiko កើន​ឡើង ៧% ក្រោយ​ Elon Musk ភ្លក្ស​ស្ករគ្រាប់​អស់ ២ គ្រាប់

អន្តរជាតិ

កាលពី​ថ្ងៃទី ១១ ឧសភា​កន្លង​ទៅ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ស្ករគ្រាប់​ Kopiko ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​ឥណ្ឌូណេស៊ី មាន​ការ​កើនឡើង​ដល់​ទៅ ៧,៣% បន្ទាប់​ពី Elon Musk បាន​ភ្លក្ស​ស្ករគ្រាប់​រសជាតិ​កាហ្វេ និង​បាន​លើក​មេដៃ​បញ្ជាក់​ពី​រសជាតិ​ដ៏​ឆ្ងាញ់​របស់​វា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី South China Morning Post បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​មាន​បំផុត​លើ​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី Luhut Pandjaitan ហើយ​រដ្ឋមន្ត្រី​រូបនេះ​បាន​ដក​ស្ករគ្រាប់ Kopiko ឲ្យ Elon Musk ភ្លក្ស​ក្នុង​ពេល​ពិភាក្សា​នោះ​។

ប្រភព​ដដែល​បន្ថែម​ថា ប្រធានបទ​នៃ​ការ​ជួប​ចរចា​រវាង​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី និង​មេធំ Tesla គឺ​ឥណ្ឌូណេស៊ី​មាន​បំណង​ចង់​ពង្រីក​ខ្លួន​ផ្នែក​ផលិត​យានយន្ត​អគ្គិសនី និង​ចង់​សុំ​ឱកាស​វិនិយោគ​បន្ថែម​លើ​វិស័យ​មួយ​នេះ។​

បញ្ជាក់​ដែរ​ថា ស្ករគ្រាប់ Kopiko គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុនមេ Mayora Indah ដែល​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ ១៩៨២ ហើយ​បច្ចុប្បន្ន​ផលិតផល​ដ៏​ពេញនិយម​មួយ​នេះ​កំពុង​មាន​វត្តមាន​នៅ​ច្រើន​ជាង ៨០ ប្រទេស​លើ​ពិភពលោក។

ក្រុមហ៊ុន​ខាងលើ​ក៏​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​មាន​បំផុត​ទី ៩ ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី Jogi Hendra Atmadja ផង​ដែរ ដោយ​បុរស​ម្នាក់​នេះ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៤,១ ពាន់​លាន​ដុល្លារ៕

ប្រភព: Says