លិខិតឆ្លងដែនគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរទៅកាន់បរទេស ហើយវាក៏ជាអត្តសញ្ញាណមួយបញ្ជាក់ពីសាវតាររបស់មនុស្សម្នាក់ៗផងដែរ ហើយក្នុងចំណោមលិខិតឆ្លងដែនទាំងអស់លើពិភពលោក លិខិតឆ្លងដែនសិង្ហបុរី និងជប៉ុនមានឥទ្ធិពលដាច់គេ ពោលគឺអាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការដល់ទៅ ១៩២ ប្រទេស។

ថ្វីបើលិខិតឆ្លងដែនរបស់សិង្ហបុរី និងជប៉ុនមានអានុភាពខ្លាំងបំផុតក៏ពិតមែន តែតម្លៃនៃការធ្វើលិខិតឆ្លងដែននៃប្រទេសទាំង ២ នេះគឺមិនសូវថ្លៃប៉ុន្មានឡើយ ពោលលិខិតឆ្លងដែនសិង្ហបុរីត្រូវចំណាយប្រហែល ៧០ ដុល្លារ ខណៈជប៉ុនប្រហែល ១២០ ដុល្លារ។

ដោយឡែក លិខិតឆ្លងដែនដែលមានតម្លៃថ្លៃបំផុតលើលោកវិញគឺជាលិខិតឆ្លងដែនស៊ីរី ដែលមានតម្លៃប្រហែល ៨០០ ដុល្លារ សម្រាប់ការធ្វើលិខិតឆ្លងដែនម្ដងៗ ប៉ុន្តែអានុភាពនៃ Passport មួយនេះវិញគឺ អាចដើរហើរបានត្រឹម ២៨ ប្រទេសប៉ុណ្ណោះ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី Nas Daily។

នេះក៏មានន័យថា លិខិតឆ្លងដែនកម្ពុជាគឺមានឥទ្ធិពលជាងលិខិតឆ្លងដែនស៊ីរីផង ដោយតម្លៃនៃការធ្វើលិខិតឆ្លងដែនសម្រាប់ប្រជាជនកម្ពុជាគឺប្រហែល ១០០ ដុល្លារ និងអាចដើរហើរបាន ៥៣ ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការឡើយ។

មូលហេតុដែលធ្វើឲ្យលិខិតឆ្លងដែនស៊ីរីក្លាយជាលិខិតឆ្លងដែនថ្លៃបំផុតលើលោក គឺដោយសារតែកន្លងមកប្រទេសមួយនេះបានផុងខ្លួនជ្រៅក្នុងរណ្ដៅសង្គ្រាម និងបានបណ្ដាលឲ្យតម្លៃនៃក្រដាសមានការឡើងថ្លៃខ្ពស់ ដូច្នេះការធ្វើលិខិតឆ្លងដែនមួយក្បាលៗគឺមានតម្លៃថ្លៃ៕
ប្រភព: Nas Daily