ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី ១២ ខែឧសភា បានទទួលស្វាគមន៍មេដឹកនាំអាស៊ានចំនួន ៨ ប្រទេស នៅសេតវិមានជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត មុនពេលកិច្ចពិភាក្សា នៅក្នុងក្រសួងការបរទេស ត្រូវធ្វើឡើង នៅថ្ងៃសុក្រនេះ ។
ជាក់ស្តែង សម្រាប់ជំនួបអាមេរិក-អាស៊ាន នេះ លោក ចូ បៃឌិន បានធ្វើការសន្យាជាមួយមេដឹកនាំអាស៊ានថា នឹងផ្តល់ជូនទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារ សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ ការត្រៀមខ្លួន ក្នុងការបង្ការជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណងទប់ទល់ទៅនឹងឥទ្ធិពលរបស់ប្រទេសចិន ដែលជាគូប្រជែង ។
យ៉ាងណា រដ្ឋបាលរបស់លោក បៃឌិន សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងអាចបង្ហាញដល់ប្រទេសនានា ថារដ្ឋាភិបាលរបស់ទីក្រុងវ៉ាស៊ីនតោន នៅតែយកចិត្តទុកដាក់ ទៅលើប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាបញ្ហាប្រឈមរយ:ពេលវែងរបស់ចិន ដែលសហរដ្ឋអាមេរិក ចាត់ទុកថាជាគូប្រជែងដ៏សំខាន់របស់ខ្លួន ។
គួរឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ប្រទេសចិន បានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ១,៥ ពាន់លានដុល្លារ ដល់ប្រទេសសមាជិកអាស៊ាន ក្នុងរយ:ពេល ៣ ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩ រួមទាំងការស្តាសេដ្ឋកិច្ចឡើងវិញ ។
ប៉ុន្តែថ្មីៗនេះ មន្រ្តីរដ្ឋបាលជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ” យើងត្រូវតែបង្កើនការយកចិត្តទុកដាក់របស់យើង នៅតំបន់អាស៊ីអាគ្នេយ៍ ។ យើងមិនស្នើសុំឱ្យប្រទេសនានា ធ្វើការជ្រើសរើស រវាងសហរដ្ឋអាមេរិក និងចិននោះទេ។ យើងចង់បញ្ជាក់ឱ្យច្បាស់ថា សហរដ្ឋអាមេរិក កំពុងតែស្វែងរកទំនាក់ទំនងកាន់តែរឹងមាំ ជាមួយប្រទេសក្នុងតំបន់នេះ ” ។
បញ្ជាក់ផងដែរថា ការសន្យាផ្តល់ជូនថវិកាដល់មេដឹកអាស៊ាននេះ នឹងត្រូវបែងចែក ៤០ លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងបំណងជួយដល់ការផ្គត់ផ្គង់ថាមពល នៅក្នុងតំបន់ ខណ: ៦០ លានដុល្លារផ្សេងទៀត សម្រាប់សន្តិសុខដែនសមុទ្រ រួមទាំងថវិកាផ្នែកសុខភាព ប្រហែល ១៥ លានដុល្លារ ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ ១៩ និងជំងឺឆ្លងតាមផ្លូវដង្ហើមផ្សេងទៀត ។ ស្របពេលការផ្តល់មូលនិធិបន្ថែមផ្សេងទៀត នឹងជួយដល់ប្រទេសក្នុងតំបន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងអភិវឌ្ឍលើបញ្ញាសិប្បនិម្មិត (AI) ៕
ប្រភព: CNA