ក្រុមហ៊ុន Thonburi Healthcare Group កំពុងស្នើសុំឱ្យវិនិយោគិន គួរសម្លឹងមើលឱកាស វិនិយោគនៅក្នុងប្រទេសឡាវ ព្រោះថាអាចនឹងជួយជំរុញដល់ការដឹកជញ្ជូនទំនិញ ពីប្រទេសថៃទៅកាន់ប្រទេសចិន និងប្រទេសនៅក្នុងតំបន់ផ្សេងទៀត ។
ជាក់ស្តែង នេះបើតាមលោក Kabin Sompongchaikul ទីប្រឹក្សាវិនិយោគយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Thonburi Kealthcare ដែលបានលើកឡើង នៅក្នុងវេទិកា PostToday Forum 2022 ជុំវិញការពិភាក្សា នៅលើប្រធានបទ ” គម្រោងឱកាស ថៃ-ឡាវ ” នាពេលថ្មីៗនេះ ។
យ៉ាងណា លោក Kabin បាននិយាយថា ប្រទេសឡាវ គឺជាប្រទេសសមាជិកអាស៊ានតែមួយគត់ ដែលគ្មានដែនដីជាប់សមុទ្រ ប៉ុន្តែប្រទេសនេះ មានព្រំដែនជាប់ប្រទេសចិន វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងថៃ ។
លើសពីនេះ លោកបានបន្ថែមទៀតថា ប្រទេសឡាវ មានប្រព័ន្ធគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសការពង្រីកតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិ។ ហើយប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសឡាវជារៀងរាល់ឆ្នាំ ។
ប្រទេសឡាវ បានដំណើរការតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនចំនួន ១៥ មកហើយ ខណ:គេរំពឹងថាអាចនឹងកើនឡើងដល់ ៤០ តំបន់ នាពេលខាងមុខ ។ ហើយមិនតែប៉ុណ្ណោះ ប្រទេសមួយនេះ ក៏បានតភ្ចាប់ទៅកាន់ប្រទេសជិតខាង តាមរយ:ផ្លូវគោកសំខាន់ៗចំនួន ១០ និងរួមទាំងផ្លូវហាយវេ ចំនួន ៣ ផងដែរ ។
ជាងនេះទៅទៀត ប្រទេសឡាវ បានអភិវឌ្ឍការដឹកជញ្ជូនរបស់ខ្លួន ជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងតភ្ចាប់ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ក្នុងប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខ ស្របពេលគម្រោងដឹកជញ្ជូនថ្មីនេះផងដែរ នឹងធ្វើឱ្យឡាវ ក្លាយជាប្រទេស ដែលអាចតភ្ចាប់ដីគោក រវាងថៃ ទៅកាន់ប្រទេសចិន វៀតណាម និងអាចរហូតដល់ប្រទេសជប៉ុនផងដែរ ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Thonburi Healthcare របស់ថៃ កំពុងតែសម្លឹងរកមើលឱកាស ក្នុងការវិនិយោគលើវិស័យថែទាំងសុខភាព និងទេសចរណ៍របស់ខ្លួន នៅក្នុងប្រទេសជិតខាងមួយនេះ ស្របពេលឡាវ ត្រូវបានគេដឹងថាមានប្រហែល ៤០% ហើយ នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ គឺកើតចេញពីឧស្សាហកម្មទាំង ២ ប្រភេទនេះ ៕
ប្រភព: Bangkok Post