កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានសេចក្ដីរាយការណ៍មកថា ស្ដេចត្រាញ់ជំនួញមួយរូបដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កំពុងប្រញាប់ប្រញាល់ប្រកាសលក់មុខជំនួញដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្រោយទទួលដំណឹងថាថ្នាក់ដឹកនាំខាងលើនឹងចុះចេញពីតំណែងនៅខែក្រោយ។

អ្នកជំនួញមួយរូបនោះគឺ Dennis Uy ដែលបានពង្រីកអាណាចក្រជំនួញរបស់ខ្លួនរយៈពេល ៦ ឆ្នាំអំឡុងពេលលោក Duterte នៅកាន់កាប់អំណាច ហើយបច្ចុប្បន្នមហាសេដ្ឋីម្នាក់នេះបានប្រកាសលក់ក្រុមហ៊ុនដូចជាស្ថានីយប្រេង Malampaya និង Clark Global City ក្នុងតម្លៃប្រហែល ១ ពាន់លានដុល្លារសម្រាប់មួយក្រុមហ៊ុន។ នេះបើតាមការបង្ហើបឲ្យដឹងពីប្រភពជិតស្និទ្ធទៅកាន់ Reuters។

ប្រភពដដែលនោះបានបង្ហើបទៀតថា ក្រុមអ្នកទិញក្រុមហ៊ុនទាំងនោះកំពុងសម្លឹងឃើញអាជីវកម្មមួយចំនួនទៀតរបស់បុរសវ័យ ៤៨ ឆ្នាំ រាប់បញ្ចូលទាំងក្រុមហ៊ុនលក់ប្រេងរាយ Phoenix Petroleum និងក្រុមហ៊ុនទូរគមនាគមន៍ DITO ក៏ដូចជាសាលាឯកជន និងអាជីវកម្មលក់អាហារ និងភេសជ្ជៈមួយចំនួនទៀត។

មកទល់នឹងពេលនេះ អ្នកតំណាងរបស់ Dennis នៅមិនទាន់បង្ហើបពីមូលហេតុនៃការដាក់លក់អាជីវកម្មដ៏មហាសាលរបស់លោកនៅឡើយទេ ខណៈកន្លងមកអ្នកជំនួញម្នាក់នេះធ្លាប់ច្រានចោលការចោទប្រកាន់ថា សន្ទុះនៃការកើនឡើងលឿនបែបនេះ ដោយសារតែមានប្រធានាធិបតីនៅពីក្រោយ។

បញ្ជាក់ដែរថា លោក Duturte នឹងចុះចេញពីតំណែងជាថ្នាក់ដឹកនាំកំពូលប្រចាំប្រទេសហ្វីលីពីន ក្រោយពេលលោក Ferdinand Marcos Jr ដែលត្រូវជាកូនប្រុសរបស់អតីតមេដឹកនាំផ្ដាច់ការដ៏ល្បីមួយរូបជាប់ឆ្នោតជាប្រធានាធិបតីកាលពីថ្ងៃច័ន្ទកន្លងទៅ៕
ប្រភព: CNA