ក្រុមហ៊ុនកំពូលវៀតណាម Vingroup គ្រោងពន្យាពេលបោះផ្សាយលក់មូលបត្រ ដោយសារហេតុផលធំមួយ

អន្តរជាតិ

ប្រធានក្រុមហ៊ុនលំដាប់កំពូលរបស់ប្រទេសវៀតណាម Vingroup បាននិយាយ នៅក្នុងសប្តាហ៍នេះថា ការបោះផ្សាយលក់មូលបត្រសាធារណ:ដំបូង (IPO) សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់ខ្លួន អាចនឹងត្រូវពន្យាពេល រហូតដល់ឆ្នាំក្រោយ ដោយសារតែមានភាពមិនច្បាស់លាស់នៃទីផ្សារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ក្រុមហ៊ុន VinFast បានដាក់ផែនការបោះផ្សាយលក់ IPO របស់ខ្លួន នៅត្រីមាសទី ៤ នៃឆ្នាំនេះ។ ស្របពេលប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេ របស់ VinFast លោក Pham Nhat Voung បានប្រាប់កិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុនថា Vingroup កំពុងតែផ្តល់អាទិភាពចម្បង ទៅលើការវិនិយោគ ក្នុងក្រុមហ៊ុន VinFast ហើយថែមទាំងបានកំណត់គោលដៅធំ សម្រាប់ការលក់រថយន្តអគ្គិសនីរបស់ខ្លួនទៀតផង ។

លើសពីនេះ លោក Vuong បាននិយាយថា​៖ ” យើងកំពុងសម្លឹងរកមើលការបោះផ្សាយលក់ IPO នៅត្រីមាសទី ៤ ឆ្នាំនេះ ប៉ុន្តែវាមានភាពមិនច្បាស់លាស់នៃទីផ្សារ ក្នុងពេលបច្ចុប្បន្ននេះ ហើយប្រសិនបើចាំបាច់ យើងអាចពន្យាពេលវាដល់ឆ្នាំក្រោយ ” ។

មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុនរូបនេះ បានបន្ថែមទៀតថា ការលក់ IPO មិនត្រឹមតែជាការរៃអង្គាសប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងអាចជួយផ្សព្វផ្សាយអំពីទីផ្សារ និងធ្វើឱ្យ VinFast ទទួលបាន​កេរ្តិ៍ឈ្មោះ នៅទូទាំងពិភពលោកផងដែរ ។

ក្រុមហ៊ុន VinFast ដែលបានចុះបញ្ជី និងមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានដាក់ពាក្យស្នើសុំលក់ IPO របស់ខ្លួន ជាមួយនិយតករមូលបត្រសហរដ្ឋអាមេរិក ស្របពេលក្រុមហ៊ុននេះ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការវិនិយោគចំនួន ៤ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រដំបូងរបស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិក ។

ទន្ទឹមនឹងនេះ លោក Vuong បាននិយាយថា VinFast មានគោលដៅលក់រថយន្តចំនួន ៧៥០ ០០០ គ្រឿង នៅក្នុងឆ្នាំ ២០២៦ ដោយនៅក្នុងនោះរថយន្តចំនួន ១៥០ ០០០ គ្រឿង នឹងត្រូវផលិតនៅរដ្ឋ North Carolina និងចំនួនដែលនៅសេសសល់ទៀត នឹងផលិតនៅរោងចក្រ ក្នុងប្រទេសវៀតណាម ៕

ប្រភព: VN Express