កិច្ចប្រជុំកំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកលើកទី ៤៥ បានប្រារព្ធធ្វើឡើងនៅទីក្រុងវ៉ាស៊ិនតោន ហើយនេះក៏ជាលើកដំបូងផងដែរ ដែលកិច្ចប្រជុំកំពូលបែបនេះបានរៀបចំនៅក្នុងសេតវិមានផ្ទាល់តែម្ដង។

សង្ខេបត្រួសៗពីកិច្ចប្រជុំមួយនេះ ប្រធានាធិបតីអាមេរិកចូ បៃឌិនបានសន្យាថា នឹងផ្ដល់ជូនថវិកាប្រមាណ ១៥០ លានដុល្លារសម្រាប់ថ្នាក់ដឹកនាំនៅអាស៊ាន សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ ការត្រៀមខ្លួនក្នុងការបង្ការជំងឺរាតត្បាត និងកិច្ចខំប្រឹងប្រែងផ្សេងៗ។

ក្នុងឱកាសនោះផងដែរ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានឆ្លៀតស្កាត់ទៅជួបមហាសេដ្ឋីមានបំផុតលើលោក Elon Musk បន្ទាប់ពីបញ្ចប់ភារកិច្ចប្រជុំនៅទីក្រុង Washington ដោយបានធ្វើដំណើរទៅកាន់រដ្ឋតិចសាស់ដែលជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla ដោយផ្ទាល់។

មូលហេតុដែលថ្នាក់ដឹកនាំកំពូល Jokowi ណាត់ជួបមេធំ Tesla ដល់កន្លែងនោះ គឺដើម្បីពិភាក្សាពីសក្ដានុពលនៃការវិនិយោគ និងបច្ចេកវិទ្យានៅប្រទេសឥណ្ឌូណេស៊ី ស្របពេលកន្លងមកប្រទេសមួយនេះក៏កំពុងអូសទាញ Tesla ទៅលើការបណ្ដាក់ទុនលើវិស័យឧស្សាហកម្មរ៉ែនីកែល ដែលជាវត្ថុធាតុយ៉ាងសំខាន់ក្នុងការផលិតអាគុយនៃរថយន្តអគ្គិសនី។ នេះបើតាមការឲ្យដឹងពីរដ្ឋាភិបាលឥណ្ឌូណេស៊ីទៅកាន់ Reuters។

ទន្ទឹមនឹងនោះ ប្រភពដដែលបានអះអាងទៀតថា អ្នកតំណាងក្រុមហ៊ុន Tesla បានមកដល់ប្រទេសឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន ដើម្បីជួបពិភាក្សាអំពីសក្ដានុពលនៃការវិនិយោគទាក់ទងនឹងការផលិតអាគុយរថយន្តអគ្គិសនី ខណៈការជួបចរចាថ្មីថ្មោងនេះនៅមិនទាន់ទទួលបានការបំភ្លឺនៅឡើយ។
បញ្ជាក់ដែរថា ឥណ្ឌូណេស៊ីបានចាយពេលជាច្រើនឆ្នាំក្នុងការអូសទាញ Tesla ឲ្យមកបណ្ដាក់ទុននៅក្នុងប្រទេសរបស់ខ្លួន ហើយបំណងធំមួយទៀតដែលពួកគេចង់បានគឺ ការវិនិយោគពីក្រុមហ៊ុន SpaceX។

បន្ថែមពីនោះ ប្រធានាធិបតីខាងលើក៏បានអញ្ជើញមហាសេដ្ឋីមានបំផុតលើលោកឲ្យមកទស្សនាប្រទេសឥណ្ឌូណេស៊ីនៅខែវិច្ឆិកាខាងមុខផងដែរ ស្របពេលឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៅក្នុងខែជាមួយគ្នានោះ៕
ប្រភព: Bangkokpost