មហាសេដ្ឋីឥណ្ឌា Gautam Adani បាននឹងកំពុងត្រៀមចុះកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ១០,៥ ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុនផលិតស៊ីម៉ងត៍ Holcim ប្រចាំប្រទេស ស្របពេលវិស័យអចលនទ្រព្យកំពុងត្រូវប៉ាន់ខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើតាមអ្វីដែលក្រុមហ៊ុនខាងលើបានអះអាង។

បើសិនជាការចរចាប្រព្រឹត្តទៅដោយរលូន នោះវានឹងក្លាយជាកិច្ចព្រមព្រៀងធំបំផុតរបស់មហាសេដ្ឋីមានដាច់គេនៅអាស៊ីរូបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ Adani នឹងក្លាយជាអ្នកផលិតស៊ីម៉ងត៍ច្រើនបំផុតទី ២ នៅឥណ្ឌា។

ដោយសារកំណើនប្រជាជននៅឥណ្ឌាកំពុងមានការកើនឡើងខ្លាំង ដូច្នេះវិស័យអចលនទ្រព្យក៏កំពុងមានទីផ្សារដូចគ្នា ហើយការទិញយកក្រុមហ៊ុនផលិតស៊ីម៉ងត៍ដែលមានលទ្ធភាពផលិតបាន ៧០ លានតោនក្នុងមួយឆ្នាំរបស់ Adani គឺពិតជាការបោះជំហានដ៏រឹងមាំបំផុត។

បញ្ជាក់ដែរថា បច្ចុប្បន្នមហាសេដ្ឋីឥណ្ឌាខាងលើគឺកំពុងកាន់តំណែងទី ៥ នាមជាអ្នកមានដាច់គេលើលោក និងជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតនៅអាស៊ីជិត ១២៤ ពាន់លានដុល្លារ៕
ប្រភព: Malaymail