ប្រធានាធិបតី លោក គីម ជុងអ៊ុន បានធ្វើការរិះគន់ទៅលើមន្ត្រីកូរ៉េខាងជើង ថាគ្មានទំនួលខុសត្រូវ ជុំវិញការឆ្លើយតប ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ក្នុងប្រទេស ខណ:ថ្មីៗនេះ លោកបានបញ្ជាឱ្យកងទ័ព ជួយចែកចាយថ្នាំ ចំពេលរដ្ឋាភិបាលទីក្រុងសេអ៊ូល ត្រៀមផ្តល់ជំនួយទប់ទល់នឹងកូវីដ ១៩ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទ ។
ជាក់ស្តែង មនុស្សជាងមួយលាននាក់ បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ បើទោះបីជាមេដឹកនាំ លោក គីម បានបញ្ជាឱ្យបិទខ្ទប់ប្រទេស ក្នុងបំណងដើម្បីកាត់បន្ថយការរីករាលដាល នៅពេលដែលប្រជាជនមិនបានចាក់វ៉ាក់សាំងការពារនោះឡើយ ។
យ៉ាងណា ចំពោះស្ថានភាពធ្ងន់ធ្ងរនេះ លោក គីម បានស្តីបន្ទោសយ៉ាងខ្លាំង ទៅលើមន្រ្តីសុខាភិបាល ជុំវិញភាពអសកម្ម ចំពោះការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ហើយជាពិសេសមិនអាចធ្វើឱ្យឱសថស្ថាន បើកដំណើរការ ២៤/៧ ដើម្បីចែកចាយថ្នាំទាន់ពេលវេលា ។
គួរឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រកាសអំពីករណីឆ្លង និងស្លាប់ដោយសារកូវីដ ១៩ ជាលើកដំបូង កាលពីសប្តាហ៍មុន ស្របពេលអ្នកជំនាញ បាននិយាយថា ប្រទេសដែលមានព្រំដែនជាប់កូរ៉េខាងត្បូងមួយនេះ មានប្រព័ន្ធថែទាំសុខភាពខ្សោយបំផុតមួយ របស់ពិភពលោក ជាមួយនឹងមន្ទីរពេទ្យ ដែលគ្មានបរិក្ខារល្អ និងគ្មានថ្នាំព្យាបាលកូវីដ ១៩ ឬសមត្ថភាពធ្វើតេស្តរកកូវីដ ១៩ ទ្រង់ទ្រាយធំនោះឡើយ ។
ដោយឡែក ជុំវិញបញ្ហានេះ ប្រធានាធិបតីថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា លោកនឹងមិនឈរឱបដៃមើលនោះទេ ហើយនឹងធ្វើការផ្តល់ជំនួយចាំបាច់ ដល់ប្រជាជនកូរ៉េខាងជើង ។
លើសពីនេះ លោក Yoon បានប្រាប់សភាកូរ៉េខាងត្បូងថា ៖ ” ប្រសិនបើអាជ្ញាធរកូរ៉េខាងជើង ព្រមទទួលយក នោះយើងនឹងមិនគិតច្រើននោះទេ ក្នុងការផ្តល់ជំនួយចាំបាច់ ដូចជាថ្នាំពេទ្យ វ៉ាក់សាំងកូវីដ ១៩ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ឬសូម្បីបុគ្គលិកជំនាញផ្នែកថែទាំងសុខភាពផងដែរ ” ។
យោងតាមរបាយការណ៍ពី KCNA បាននិយាយថា គិតត្រឹមថ្ងៃទី ១៥ ឧសភា មនុស្សចំនួន ៥០ នាក់ បានស្លាប់ ស្របពេលរកឃើញករណីឆ្លងជាង ១,២ លាននាក់ និងជាងកន្លះលាននាក់ កំពុងទទួលការព្យាបាល ៕
ប្រភព: Macaubusiness