ស៊ូទ្រាំលែងបាន ទីបំផុត McDonald’s ប្រកាសឈប់រកស៊ីទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី

អន្តរជាតិ

ក្រុមហ៊ុនលក់អាហារសម្រន់ខ្នាតយក្សរបស់អាមេរិក McDonald’s បានប្រកាសថា ខ្លួននឹងចាកចេញពីទីផ្សាររបស់រុស្ស៊ី ហើយលក់អាជីវកម្មទាំងអស់របស់ខ្លួន នៅក្នុងប្រទេសនេះ នៅពេលដែលពិភពលោក ព្យាយាមដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ក្រុមហ៊ុនធំៗរបស់ប្រទេសលោកខាងលិចជាច្រើន បានប្រកាសដកខ្លួនជាបន្តបន្ទាប់ ពីប្រទេសរុស្ស៊ី ចាប់តាំងពីមានការឈ្លានពាន ទៅលើអ៊ុយក្រែន នៅក្នុងខែកុម្ភ:មក ។

ហើយយ៉ាងណា កាលពីថ្ងៃចន្ទ ក្រុមហ៊ុនផលិតរថយន្ត Renault របស់បារាំង ក៏បានប្រកាសថា ខ្លួនបានប្រគល់អាជីវកម្មទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី ទៅឱ្យរដ្ឋាភិបាលទីក្រុងមូស្គូកាន់កាប់ ដើម្បីបញ្ចប់ការរកស៊ីរបស់ខ្លួន នៅក្នុងប្រទេសនេះ ។

ដោយឡែក McDonald’s នៅក្នុងខែមីនា បានបិទហាងរបស់ខ្លួនទាំងអស់ចំនួន ៨៥០ កន្លែង នៅក្នុងប្រទេសរុស្ស៊ី ដែលធ្វើឱ្យបុគ្គលិកចំនួន ៦២ ០០០ នាក់ ត្រូវបាត់បង់ការងារ ។

ប៉ុន្តែកាលពីថ្ងៃចន្ទ ក្រុមហ៊ុនរបស់អាមេរិកមួយនេះ បានឈានដល់ដំណាក់កាលមួយទៀត ដើម្បីបញ្ចប់អាជីវកម្មរបស់ខ្លួនទាំងស្រុង នៅរុស្ស៊ី ជាមួយនឹងសេចក្តីថ្លែងការណ៍ថា ៖ ” បន្ទាប់ពីប្រតិបត្តិការ អស់ពេលជាង ៣០ ឆ្នាំ សារជីវកម្ម McDonald’s បានប្រកាសថា នឹងចាកចេញពីទីផ្សាររុស្ស៊ី ហើយព្រមទាំងបានចាប់ផ្តើមដំណើរការលក់អាជីវកម្មទាំងអស់ នៅរុស្ស៊ីផងដែរ ” ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានបានបន្ថែមថា បន្ទាប់ពីការលក់នេះ ហាងទាំងអស់នៅរុស្ស៊ី នឹងលែងអាចប្រើប្រាស់ឈ្មោះ ឡូហ្គូ ម៉ាកយីហោ ឬម៉ឺនុយ របស់ McDonald’s ទៀតឡើយ ។

បញ្ជាក់ថា រុស្ស៊ី ជាប្រទេសដែល McDonald’s គ្រប់គ្រងហាងដោយផ្ទាល់ច្រើនជាង ៨០% នៃហាង ដែលមានឈ្មោះរបស់ខ្លួន ឬស្មើនឹង ៩% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន និង ៣% នៃប្រាក់ចំណេញពីប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសនេះ ៕

ប្រភព: CNA