កាលពីពេលថ្មីៗនេះ លោក Jean Castex បានប្រកាសសុំចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីបារាំង បន្ទាប់ពីបានជួយត្រួសត្រាយផ្លូវសម្រាប់ការបន្តកាន់តំណែងជាប្រធានាធិបតីរបស់លោក Macron។

ទន្ទឹមនឹងនោះ ប្រធានាធិបតីបារាំងខាងលើបានចាត់តាំងលោកស្រី Elisabeth Borne ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ ឲ្យមកស្នងតំណែងរបស់លោក Castex ខណៈការតែងតាំងមួយនេះ ក៏បានធ្វើឲ្យលោកស្រី Borne ក្លាយជាស្ត្រីទី ២ ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ។

ជាមួយនឹងការឡើងកាន់តំណែងរបស់លោកស្រីវ័យ ៦១ ឆ្នាំខាងលើ អតីតនាយករដ្ឋមន្ត្រីលោកស្រី Cresson ក៏បានបញ្ចេញការគាំទ្រ និងបានបញ្ចេញទស្សនៈរបស់ខ្លួនសម្រាប់ការតែងតាំងមនុស្សស្រីចំពោះតំណែងដ៏សំខាន់មួយនេះផងដែរ។
ប្រាប់ទៅកាន់ BFM លោកស្រី Cresson និយាយ៖ “វាគួរតែដល់ពេលហើយ សម្រាប់ស្ត្រីម្នាក់ទៀតមកអង្គុយតំណែងមួយនេះ ហើយខ្ញុំដឹងថា លោកស្រី Borne គឺជាមនុស្សដែលមានទេពកោសល្យ និងបទពិសោធន៍ក្រាស់ក្រែល។ ខ្ញុំជឿថានេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ”។

រំលឹកពីប្រវត្តិត្រួសៗរបស់លោកស្រី Borne បន្តិច មុននឹងមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ លោកស្រីធ្លាប់ធ្វើការនៅក្រសួងបរិស្ថានបានមួយរយៈនៅឆ្នាំ ២០១៩ ហើយអំឡុងពេលបម្រើការនៅក្រសួងការងារ លោកស្រីបានកសាងស្នាដៃជាច្រើន។
ស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី អត្រាអត់ការងារបានធ្លាក់មកនៅចំណុចទាបបំផុតក្នុងរយៈកាល ១៥ ឆ្នាំចុងក្រោយ ស្របពេលអត្រាយុវជនគ្មានការងារធ្លាក់មកចំណុចទាបបំផុតក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយ ហើយបើតាមការឲ្យដឹងអតីតបុគ្គលិករបស់លោកស្រីបានបង្ហើបឲ្យដឹងថា លោកស្រី Borne ជាមនុស្សវក់នឹងការងារ ហើយមានថ្ងៃខ្លះធ្វើការដាច់យប់ដល់ម៉ោង ៣ ភ្លឺ ហើយម៉ោង ៧ ព្រឹកបន្តការងារក៏មានដែរ។

ងាកមកស្ថានការណ៍បច្ចុប្បន្នវិញ បទពិសោធន៍លើផ្នែកការងាររបស់លោកស្រីនឹងជួយដល់ប្រធានាធិបតី Macron ក្នុងការអភិវឌ្ឍន៍ និងកែច្នៃប្រទេសឲ្យកាន់តែប្រសើរ ខណៈការងារតំបូងដែលស្ត្រីរូបនេះនឹងកាន់កាប់ ប្រឆាំងនឹងការតំឡើងអាយុចូលនិវត្តន៍របស់ប្រជាជនបារាំងនៅវ័យ ៦៥ ឆ្នាំ៕
ប្រភព: France24