កាលពីប៉ុន្មានខែមុន Forrest Li មានទ្រព្យសម្បត្តិប្រហែល ២២ ពាន់លានដុល្លារ និងជាបុគ្គលមានបំផុតនៅប្រទេសសិង្ហបុរី ប៉ុន្តែបច្ចុប្បន្នលោកបានជាប់ជាបុគ្គលដែលបាត់បង់ធនធានច្រើនបំផុត នៅពេលទីផ្សារកំពុងក្រឡាប់ចាក់។
អាចនិយាយបានថា វាជាពេលវេលាដ៏អាក្រក់បំផុតមួយសម្រាប់ស្ថាបនិក Sea ដោយបានបិទអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិកទាំងស្រុងនៅឥណ្ឌា និងប្រាក់ចំណូលនៅអាមេរិកវិញក៏បានមកតិចតួចទៀត រហូតធ្វើឲ្យបុរសម្នាក់នេះរបូតទ្រព្យសម្បត្តិប្រមាណ ៨០% តាំងពីចុងខែតុលា។
ទោះបីជារបូតទ្រព្យសម្បត្តិប្រហែល ៨០% ក្ដី តែលោកនៅតែជាអ្នកមានបំផុតមួយរូបនៅសិង្ហបុរីដដែលពោលគឺកំពុងមានប្រហែល ៤,៧ ពាន់លានដុល្លារ នេះបើតាមការអះអាងពី Bloomberg Billionaires Index គ្រាន់តែថាតួលេខនេះមិនអាចឲ្យ CEO ក្រុមហ៊ុន Garena ជាប់នៅបញ្ជីអ្នកមានបំផុត ៥០០ នាក់លើលោកឡើយ។
មិនតែប៉ុណ្ណោះ ក្រុមអ្នកជួញដូរកំពុងតែត្រៀមខ្លួនទទួលដំណឹងអាក្រក់ផ្សេងទៀត ដូចជាការប្រកាសពីការខាតបង់ប្រាក់ចំណូលនៅត្រីមាសតំបូង ដែលគេសន្និដ្ឋានថា អាចនឹងខាតបង់ខ្ទង់ ៧៤០ លានដុល្លារ បើតាមការគណនាជាមធ្យមរបស់ Bloomberg។
បញ្ជាក់ដែរថា កាលពីឆ្នាំទៅ Sea ក៏បានរបូតប្រាក់ចំណូលនៅត្រីមាសចុងក្រោយផងដែរ ស្របពេលក្រុមហ៊ុនមួយនេះបានពន្លឿនការពង្រីកក្រុមហ៊ុនរបស់ពួកគេផងដែរ៕
ប្រភព: CNA