រុស្ស៊ី ព្រមាន G7 ថា ការព្យាយាមកាត់ផ្តាច់ប្រទេសខ្លួនពីពិភពលោក នឹងធ្វើឱ្យកង្វះស្បៀងអាហារ កាន់តែមានភាពធ្ងន់ធ្ងរ

អន្តរជាតិ

យោងតាមក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បាននិយាយថា ការព្យាយាមរបស់ប្រទេសលោកខាងលិច និងក្រុមប្រទេស G7 ដែលចង់កាត់ផ្តាច់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ពីពិភពលោកទាំងមូល នឹងធ្វើឱ្យកង្វះខាតស្បៀងអាហារសកល កាន់តែមានភាពអាក្រក់ទៅៗ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋមន្រ្តីការបរទេស របស់ G7 បានធ្វើការសន្យាកាលពីថ្ងៃសៅរ៍ថា នឹងបន្តដាក់​គំនាប​ទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការកាត់ផ្តាច់ទាំងស្រុង ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ក៏ដូចជាការបន្តផ្គត់ផ្គង់​សព្វាវុធ​ ដល់ប្រទេសអ៊ុយក្រែន និងស្វែងរកវិធី ដើម្បីបន្ធូរបន្ថយការខ្វះខាតស្បៀងអាហារ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភ:មក ។

តែទោះជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ក្រសួងការបរទេសរបស់រុស្ស៊ី បានចេញមុខឆ្លើយតប នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ៖ ” ការព្យាយាមកាត់ផ្តាច់រុស្ស៊ី លើផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងភស្តុភារ ពីបណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងរយ:ពេលវែង គឺកាន់តែធ្វើឱ្យវិបត្តិសេដ្ឋកិច្ច និងស្បៀងអាហាររបស់ពិភពលោក កាន់តែមានភាពធ្ងន់ធ្ងរ “​ ។

គួរឱ្យដឹងផងដែរថា មុនពេលសង្គ្រាម អ៊ុយក្រែន និងរុស្ស៊ី ផលិតស្រូវសាលីរួមគ្នាប្រហែល ២៩% សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក ។

បញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ី បានហៅសកម្មភាពឈ្លានពានរបស់ខ្លួន ទៅលើអ៊ុយក្រែន ថាជាប្រតិបត្តិការយោធាពិសេស ដើម្បីការពារប្រទេសនេះពីពួកហ្វាស៊ីស។ ប៉ុន្តែសម្រាប់អ៊ុយក្រែន និងប្រទេសលោកខាងលិច បាននិយាយថា ការចោទប្រកាន់ពីសំណាក់រុស្ស៊ី ទៅលើពួកហ្វាស៊ីស គឺគ្មានមូលដ្ឋាន ហើយការចាប់ផ្តើមសង្គ្រាមនេះ គឺជាទង្វើឈ្លានពាន ដែលមិនសមហេតុផល ៕

ប្រភព: Kelo News