កាលពីខែមីនាកន្លងទៅ មានករណីធ្លាក់យន្តហោះដឹកអ្នកដំណើរមួយបានកើតឡើង គឺយន្តហោះ China Eastern ខណៈហេតុការណ៍ដ៏រន្ធត់មួយនេះបានធ្វើឲ្យមនុស្ស ១៣២ នាក់នៅលើយន្តហោះទាំងអស់បានបាត់បង់ជីវិត។

យន្តហោះប្រភេទ Boeing 737-800 បានហោះពីទីក្រុង Kunming ទៅកាន់ទីក្រុង Guangzhou ប៉ុន្តែចាកចេញពីប្រលានមិនបានប៉ុន្មានផង ស្រាប់តែបាត់ការទាក់ទង និងត្រូវបានប្រទះឃើញហោះសំយុងខ្លួនចុះក្រោមយ៉ាងលឿនពីរយៈកម្ពស់ប្រមាណជិត ៩ គីឡូម៉ែត្រ ហើយឧបទ្ទវហេតុមួយនេះគឺត្រូវបានចាត់ទុកថា ជាគ្រោះថ្នាក់ផ្លូវអាកាសអាក្រក់បំផុតប្រចាំប្រទេសចិនប្រចាំទសវត្ស។
ឆ្លងកាត់ការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ ថ្មីៗនេះស្រាប់តែមានតម្រុយមកថា ឧបទ្ទវហេតុខាងលើអាចទំនងជាកើតឡើងដោយមានការបញ្ជាពីក្រោយខ្នង បើយោងតាមការស្រាវជ្រាវពីប្រអប់ខ្មៅនៃយន្តហោះ។ នេះបើតាមការបញ្ជាក់ពី Wall Street Journal។

ប្រភពដដែលបានបន្ថែមថា របាយការណ៍ដែលទទួលបានពីប្រអប់ខ្មៅបង្ហាញថា មានមនុស្សបានដាក់បញ្ជាឲ្យយន្តហោះមួយគ្រឿងនោះហោះដាំក្បាលចុះក្រោមយ៉ាងលឿន ស្របពេលប៉ូលិសអាមេរិកកំពុងស៊ើបអង្កេតពីសកម្មភាពរបស់អ្នកបើកយន្តហោះមុនពេលកើតហេតុ។

ដោយឡែក មកទល់នឹងពេលនេះ ក្រុមស៊ើបអង្កេតរបស់ចិននៅមិនទាន់បញ្ចេញភស្តុតាងបញ្ជាក់ថា យន្តហោះដែលធ្លាក់នោះមានបញ្ហាផ្នែកបច្ចេកទេសឡើយ ស្របពេលកត្តាមួយនេះកាន់តែធ្វើឲ្យការសន្និដ្ឋានរបស់សមត្ថកិច្ចអាមេរិកកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង៕
ប្រភព: CNN