ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple កំពុងសម្លឹងឃើញការពង្រីងខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមទៀត នៅវៀតណាម

អន្តរជាតិ

ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បានបង្ហាញប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អំពីចំណាប់អារម្មណ៍ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក ក្នុងការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន នៅក្នុងប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Cook បាននិយាយ អំឡុងពេលបានជួបជាមួយនាយករដ្ឋមន្ត្រី លោក Chinh នៅក្នុងទីក្រុង San Francisco កាលពីថ្ងៃទី ១៧ ខែ ឧសភា ថាក្រុមហ៊ុន Apple នឹងពិចារណាទទួលយកការផ្គត់ផ្គង់ពីប្រទេសវៀតណាមបន្ថែមទៀត ដូចជាគ្រឿងបន្លាស់ និងសេវាកម្មរបស់ពួកគេ សម្រាប់ផលិតរបស់ Apple ។

បន្ថែមពីនេះ លោក Cook បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលវៀតណាម នឹងអាចផ្តល់គោលនយោបាយអំណោយផលបន្ថែមទៀត ដើម្បីលើកទឹកចិត្តទៅដល់សហគ្រាសបច្ចេកវិទ្យារបស់អាមេរិក ដើម្បីមកបណ្តាក់ទុននៅក្នុងប្រទេសនេះ ។

មិនតែប៉ុណ្ណោះ លោក Chinh ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសវៀតណាម ក្នុងការបង្កើតទីផ្សារប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងផ្តល់ជូននូវលក្ខខណ្ឌល្អបំផុត សម្រាប់ធុរកិច្ច និងអ្នកវិនិយោគអាមេរិក ដើម្បីមកធ្វើប្រតិបត្តិការ នៅក្នុងប្រទេសវៀតណាម ។

គួរឱ្យដឹងថា Apple នៅមិនទាន់មានរោងចក្រដំឡើង នៅវៀតណាមនៅឡើយទេ ប៉ុន្តែបច្ចុប្បន្នរោងចក្រចំនួន ៣១ ដែលមានមូលដ្ឋាននៅវៀតណាម កំពុងផលិតគ្រឿងបន្លាស់ សម្រាប់ក្រុមហ៊ុនដៃគូរបស់ Apple ៕

ប្រភព: VN Express