កន្លងមក មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានប្រកាសថា នឹងទិញក្រុមហ៊ុនបណ្ដាញសង្គម Twitter ក្នុងតម្លៃប្រមាណ ៤៤ ពាន់លានដុល្លារ ប៉ុន្តែឆ្លងកាត់ការពិចារណាមួយរយៈ មេធំ Tesla ស្រាប់តែបង្ហើបថា កិច្ចព្រមព្រៀងនឹងត្រូវពិចារណាម្ដងទៀត។
មូលហេតុដែលស្ថាបនិកក្រុមហ៊ុន SpaceX ចង់ពិចារណាគិតគូរទិញក្រុមហ៊ុនបណ្ដាញសង្គមចាបខៀវម្ដងទៀត ដោយសារតែគណនីក្លែងក្លាយនៅលើ Twitter គឺមានចំនួនច្រើនពេក ហើយ Elon Musk ទាមទារអំណះអំណាងបញ្ជាក់ថា គណនី Bots នៅលើ Twitter គឺមានតិចជាង ៥% ទើបកិច្ចព្រមព្រៀងអាចប្រព្រឹត្តទៅបាន។
យ៉ាងណា ក្រុមហ៊ុន Twitter ហាក់មិនអាចទទួលសំណើខាងលើបានឡើយ ពោលពួកគេបានចេញមុខនិយាយថា បើសិនជា Elon Musk ចង់ក្រឡាស់សម្ដី មិនព្រមទិញក្រុមហ៊ុនក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ នោះពួកគេនឹងប្រើប្រាស់វិធានការធម៌ក្ដៅ គឺ “អនុវត្តកិច្ចព្រមព្រៀងបញ្ចូលគ្នា” ដែលជាលក្ខខណ្ឌនៃផ្លូវច្បាប់មួយ តម្រូវឲ្យភាគីម្ខាងទៀតសងជំងឺចិត្តទៅភាគីមួយទៀត។
ក្នុងករណី Elon Musk មិនយល់ព្រមទិញក្រុមហ៊ុន នោះមហាសេដ្ឋីមានបំផុតលើលោកម្នាក់នេះ នឹងត្រូវបង់ប្រាក់ប្រមាណ ១ ពាន់លានដុល្លារជាថ្លៃសងជំងឺចិត្តដល់ Twitter។
បញ្ជាក់ដែរថា មហាសេដ្ឋី Elon Musk អះអាងថា គណនីក្លែងក្លាយនៅលើ Twitter មានយ៉ាងតិច ២០% នៃគណនីសរុប ២២៩ លាន ហើយលោកបានឲ្យតម្រុយយ៉ាងខ្លាំងអំពីការចង់ចាយលុយតិចជាង ៤៤ ពាន់លានដុល្លារទៅលើការទិញក្រុមហ៊ុន Twitter។
ការផ្លាស់ប្ដូរចិត្តភ្លាមៗរបស់ Elon Musk នេះគឺបានធ្វើឲ្យតម្លៃហ៊ុនរបស់ Tesla និង Twitter មានការធ្លាក់ចុះយ៉ាងខ្លាំង ខណៈតម្លៃហ៊ុន Twitter ធ្លាក់ចុះប្រហែល ២០% ធៀបនឹងខែមុន ស្របពេល Tesla ធ្លាក់ប្រហែល ៣១% ធៀបនឹងខែមុនដូចគ្នា៕
ប្រភព: Thesun