ប្រធានាធិបតី លោក Joko Widodo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ី នឹងលុបចោលបម្រាម ចំពោះការនាំចេញប្រេងដូងរបស់ខ្លួន ចាប់តាំងពីថ្ងៃចន្ទ ទី ២៣ ខែឧសភា បន្ទាប់ពីមានភាពប្រសើរឡើងវិញ នៃស្ថានភាពចំពោះការផ្គត់ផ្គង់ប្រេងចម្អិនអាហារ នៅក្នុងស្រុក ។
ជាក់ស្តែង ប្រធានាធិបតីរូបនេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ជាវីដេអូថា ការសម្រេចចិត្តដកបម្រាបនេះ ត្រូវបានធ្វើឡើង បើទោះបីជាតម្លៃប្រេងចម្អិនអាហារភាគច្រើន មិនទាន់ធ្លាក់ចុះដល់តម្លៃកំណត់ ១៤ ០០០ រ៉ូពី ក្នុងមួយលីត្រក៏ដោយ ខណ:ពេលដែលរដ្ឋាភិបាល បានគិតគូខ្ពស់ពីសុខមាលភាពរបស់កម្មករប្រមាណ ១៧ លាននាក់ នៅក្នុងឧស្សាហកម្មប្រេងដូង ។
ការដកបម្រាមនេះទៀតសោត នឹងជួយបន្ទូរបន្ថយសម្ពាធលើទីផ្សារប្រេងឆាពិភពលោក បន្ទាប់ពីតម្លៃបានកើនឡើង ដោយសារតែការផ្អាកការនាំចេញ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ។
រំលឹកថា ប្រទេសស្ថិតនៅប្រជុំកោះមួយនេះ បានចេញការហាមប្រាមលើការនាំចេញប្រេងដូង កាលពីខែមុន ដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញប្រើប្រាស់ ដែលរាប់ចាប់ពីសូកូឡា រហូតដល់គ្រឿងសំអាង ដែលប្រឈមជាមួយនឹងភាពខ្វះខាត នៅក្នុងស្រុក ។
យ៉ាងណា លោក Widodo បានប្រាប់អ្នកយកព័ត៌មានថា ៖ ” ដោយផ្អែកលើការផ្គត់ផ្គង់ នៃប្រេងចម្អិនអាហារ និងការពិចារណាលើកសិករ និងកម្មករ ប្រមាណ ១៧ លាននាក់ នៅក្នុងឧស្សាហកម្មប្រេងដូង ខ្ញុំបានសម្រេចចិត្តថា នឹងបើកឱ្យមានការនាំចេញប្រេងចម្អិនអាហារឡើងវិញ នៅថ្ងៃចន្ទទី ២៣ ខែឧសភា ” ។
មិនតែប៉ុណ្ណោះ លោកបន្តទៀតថា ៖” រដ្ឋាភិបាល នឹងនៅតែបន្តតាមដានយ៉ាងតឹងរ៉ឹង ដើម្បីធានាបានថា តម្រូវការនឹងត្រូវបានបំពេញតាមតម្លៃសមរម្យ ” ៕
ប្រភព: Bangkok Post