កាលពីពេលថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Leo KoGuan ដែលជាម្ចាស់ភាគហ៊ុនដ៏ធំមួយរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla ដែលមានសាខានៅប្រទេសសិង្ហបុរី បានស្នើឲ្យក្រុមហ៊ុនអាមេរិកធ្វើការទិញភាគហ៊ុនរបស់លោកក្នុងតម្លៃ ១៥ ពាន់លានដុល្លារវិញ (Stock Buy-Back) បន្ទាប់ពីតម្លៃហ៊ុនរបស់ Tesla ដាំក្បាលចុះខ្លាំង ក្រោយ Elon Musk រកាំរកូសជាមួយការទិញ Twitter។

ជាការពិត តម្លៃហ៊ុនរបស់ Tesla បានបន្តធ្លាក់ថ្លៃរហូតដល់ ១/៣ នៃតម្លៃរបស់ពួកគេ ចាប់តាំងពីមហាសេដ្ឋីមានបំផុតលើលោកប្រកាសពីបំណងចង់ទិញក្រុមហ៊ុន Twitter កាលពីខែមេសាមកម៉្លេះ។
យោងតាមការបង្ហោះសាររបស់លោក Leo ទៅកាន់ថ្នាក់លើ Tesla តាមរយៈ Twitter បានឲ្យដឹងថា៖ “ Tesla ត្រូវតែប្រកាសជាបន្ទាន់ពីការទិញហ៊ុនត្រឡប់វិញក្នុងតម្លៃ ៥ ពាន់លានដុល្លារនៅឆ្នាំនេះ និង១០ ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ ដោយមិនពាក់ព័ន្ធជាមួយទុនបម្រុង ១៨ ពាន់លានដុល្លារដែលមានស្រាប់នោះឡើយ”។

បញ្ជាក់ដែរថា កាលពីឆ្នាំទៅមហាសេដ្ឋីមានដើមកំណើតនៅឥណ្ឌូណេស៊ីខាងលើក៏ធ្លាប់អះអាងថា លោកគឺជាម្ចាស់ភាគហ៊ុនធំបំផុតទី ៣ ប្រចាំក្រុមហ៊ុន Tesla បន្ទាប់ពី Elon Musk និង Larry Ellison ហើយអំណះអំណាងមួយនេះក៏ត្រូវបានយល់ស្របពីថ្នាក់ដឹកនាំរបស់ Tesla ផងដែរ។
ដោយឡែក បើយោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា អ្នកជំនួញខាងលើគឺមានទ្រព្យសម្បត្តិសរុបប្រមាណ ៥,៧ ពាន់លានដុល្លារ ហើយក្រៅពីនាមជាម្ចាស់ភាគហ៊ុនធំទី ៣ នៅ Tesla បុរសខាងលើក៏ជាសហស្ថាបនិកក្រុមហ៊ុន SHI International នៅសហរដ្ឋអាមេរិក ដែលជាអ្នកផ្ដល់សេវាកម្មផ្នែកបច្ចេកវិទ្យាដែលមានអតិថិជនច្រើនជាង ២០ ០០០ នាក់ឯណោះ៕
ប្រភព: Straitstimes