មហាសេដ្ឋី Mohammad Zahoor បានប្រកាសថា នឹងជួយទិញយន្តហោះចំបាំង ២ គ្រឿងជូនដល់ប្រទេសអ៊ុយក្រែន ដើម្បីវាយបកជាមួយនឹងកងកម្លាំងរបស់រុស្ស៊ី។ នេះបើតាមការអះអាងពីសំណាក់ភរិយារបស់លោកដែលមានឈាមជ័រជាជនជាតិអ៊ុយក្រែន។

យោងតាមការចុះផ្សាយពី Newsweek ដែលបានសម្រង់សម្ដីពីអ្នកស្រី Kamaliya Zahoor បានអះអាងថា ស្វាមី និងមិត្តភក្ដិរបស់អ្នកស្រីមួយចំនួនបានកំពុងជួយដល់អ៊ុយក្រែនជាសំងាត់ក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី។
” Mohammad បានអនុញ្ញាតឲ្យខ្ញុំប្រាប់រឿងនេះទៅកាន់គ្រប់គ្នា ដ្បិតកន្លងមកពួកគេមិនដែលនិយាយឡើយ។ ពួកគេបានប្រគល់យន្តហោះចំបាំង ២ គ្រឿងដល់អ៊ុយក្រែន និងបានជួយដល់អ៊ុយក្រែន។

បញ្ជាក់ដែរថា ចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាលើកដំបូង Mohammad Zahoor តែងតែជួយទុក្ខធុរៈប្រជាជនអ៊ុយក្រែន ដូចជាជម្លៀសប្រជាជន និងប្រកាសរកជំនួយដល់កងទ័ពអ៊ុយក្រែនរហូត ដ្បិតមុនផ្ទុះសង្គ្រាមមហាសេដ្ឋីខាងលើគឺរស់នៅជាមួយភរិយានៅប្រទេសមួយនេះ។

យោងតាមរបាយការណ៍ចុងក្រោយដែលទទួលបានគឺ អ្នកជំនួញកូនកាត់ប៉ាគីស្ថាន-អង់គ្លេសម្នាក់នេះកំពុងរកជំនួយជួយជម្លៀសប្រជាជនអ៊ុយក្រែនពីភ្នក់ភ្លើងសង្គ្រាម ទៅកាន់ចក្រភពអង់គ្លេស និងប្រទេសផ្សេងៗនៅតំបន់អឺរ៉ុប ខណៈលោកនៅមិនទាន់ចេញមុខបំភ្លឺពីព័ត៌មានទិញយន្តហោះចំបាំងនេះនៅឡើយទេ៕
ប្រភព: Globalvillagespace