ប្រទេសស្រីលង្កា បានខកខាន ក្នុងការសងបំណុលជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ខណ:ពេលដែលប្រទេសមួយនេះ កំពុងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយ:ពេលជាង ៧០ ឆ្នាំមកនេះ ។
ជាក់ស្តែង រយ:ពេលអនុគ្រោះ ដែលមាន ៣០ ថ្ងៃ ដើម្បីទុកពេលឱ្យទូទាត់លើការប្រាក់ចំនួន ៧៨ លានដុល្លារ នៃបំណុល ដែលមិនទាន់បានសង ត្រូវបានផុតកំណត់កាលពីថ្ងៃពុធ កន្លងទៅ ។
មិនតែប៉ុណ្ណោះ ទេសាភិបាលនៃធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា បាននិយាយថាប្រទេសរបស់ខ្លួន គឺគ្មានលទ្ធភាពនោះឡើយ ហើយបានធ្វើឱ្យខកខាន ក្នុងការសងបំណុល ។ ខណ:កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារវាយតម្លៃឥណទាន ដ៏ធំបំផុតរបស់ពិភពលោកចំនួន ២ ក៏បាននិយាយផងដែរថា ប្រទេសស្រីលង្កា បានខកខានក្នុងការសងបំណុលហើយ ។
គួរឱ្យដឹងផងដែរថា ការខកខានក្នុងការសងបំណុលនេះ គឺបានកើតឡើង នៅពេលដែលរដ្ឋាភិបាលរបស់ប្រទេសនៅតំបន់អាស៊ី ខាងត្បូងមួយនេះ មិនអាចបំពេញការសងបំណុលខ្លះ ឬទាំងអស់ ទៅកាន់ម្ចាស់បំណុល ។
ហើយជុំវិញបញ្ហានេះផងដែរ វានឹងធ្វើឱ្យស្រីលង្កា ខូចកេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តពីសំណាក់អ្នកវិនិយោគ ដែលធ្វើឱ្យកាន់តែពិបាក ក្នុងការខ្ចីប្រាក់ ដែលខ្លួនត្រូវការ នៅលើទីផ្សារទីអន្តរជាតិ នៅថ្ងៃក្រោយ និងប៉ះពាល់ដល់យ៉ាងខ្លាំងទៅលើរូបិយប័ណ្ណ និងសេដ្ឋកិច្ចទៀតផង ។
លើសពីនេះ ទេសាភិបាលធនាគារកណ្តាលស្រីលង្កា លោក P Nandalal Weerasinghe បាននិយាយអំពីការខកខាន ក្នុងការសងបំណុលរបស់ប្រទេសខ្លួនថា ៖ “ជំហររបស់យើងគឺច្បាស់លាស់ណាស់ យើងបាននិយាយរហូតមកហើយ ដោយបានស្នើសុំឱ្យម្ចាស់បំណុលធ្វើការរៀបចំរចនាសម្ព័ន្ធក្នុងការសងបំណុលឡើងវិញ បើមិនដូច្នេះទេ យើងមិនអាចសងបំណុលបាននោះឡើយ ” ។
បញ្ជាក់ផងដែរថា ប្រទេសស្រីលង្កា កំពុងស្វែងរកការរៀបចំណរចនាសម្ព័ន្ធឡើងវិញ ចំពោះបំណុលចំនួនជាង ៥០ ពាន់លានដុល្លារ ដែលខ្លួនបានជំពាក់ម្ចាស់បំណុលបរទេស ដើម្បីអាចធ្វើឱ្យប្រទេសខ្លួន គ្រប់គ្រងក្នុងការសង់បំណុលបានកាន់តែច្រើន ៕
ប្រភព: BBC