ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃចន្ទនេះ គ្រោងនឹងធ្វើការបង្ហាញពីផែនការសេដ្ឋកិច្ច ដែលខ្លូនបានត្រៀមទុកជាយូរមកហើយ នៅក្នុងការចូលមកកាន់តំបន់ ដែលកំពុងស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសចិន អំឡុងពេលដែលលោកបានឈានជើងចូលមកកាន់ប្រទេសទី ២ នៃដំណើរទស្សនកិច្ចលើកដំបូង ក្នុងតំបន់អាស៊ី ។
ជាក់ស្តែង ការប្រកាសអំពីផែនការសេដ្ឋកិច្ចនេះ គឺជាចំណុចដ៏សំខាន់មួយ នៃដំណើរទស្សនកិច្ចរបស់លោក បៃឌិន មកកាន់ទ្វីបមួយនេះ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលដែលលោកបានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង និងកំពុងបន្តនៅក្នុងប្រទេសជប៉ុន នៅសប្តាហ៍នេះ ។
ការបង្ហាញពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF ត្រូវបានធ្វើឡើង នៅពេលលោក បៃឌិន ចាប់ផ្តើមជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា នៅវិមាន Akasakaក្នុងទីក្រុងតូក្យូ ក្រោយពេលបានចូលគាល់ព្រះចៅអធិរាជជប៉ុន ណារ៉ុហ៊ីតូ ។
នៅក្នុងនោះជំនួបផងដែរ លោក បៃឌិន បានគូសបញ្ជាក់ថា ៖ ” គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយប្រជាជាតិដទៃទៀតនៃតំបន់ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ជូនដល់ប្រជាជនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ” ។
គួរឱ្យដឹងផងដែរថា កន្លងមក ប្រទេសចិន បានធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ជាមួយប្រទេសជិតខាងរបស់ខ្លួន ហើយបានស្វះសែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន ជាសកលតាមរយ:គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។
ដោយឡែកចំពោះផែនការសេដ្ឋកិច្ច ដែលលោក បៃឌិន នឹងប្រកាសនៅថ្ងៃចន្ទនេះ គឺមិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងន័យប្រពៃណីនោះទេ តែវានឹងរួមបញ្ចូល “សរសរស្តម្ភ” មួយទាក់ទងនឹងពាណិជ្ជកម្ម ដែលធ្វើឱ្យខ្សែសង្វាក់ផ្គតផ្គង់មានភាពធន់ជាងមុន រួមទាំងការលើកកម្ពស់ថាមពលស្អាត និងការប្រយុទ្ធប្រឆាំងអំពីពុករលួយជាដើម ។
បន្ថែមពីនេះ លោក បៃឌិន ក៏នឹងបញ្ចុះបញ្ចូលឱ្យប្រទេសផ្សេងទៀតចូលរួមនៅក្នុងក្របខណ្ឌសេដ្ឋកិច្ចនេះ មិនត្រឹមតែដៃគូរឹងមាំដូចជាជប៉ុន និងកូរ៉េខាងត្បូងប៉ុណ្ណោះទេ តែក៏រួមមានប្រទេសតូចៗ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកពីមុនមក ។
ក្រៅពីនោះ តាមរយ:ការលាតត្រដាងក្របខ័ណ្ឌនេះ លោក បៃឌិន ហាក់ដូចជាបានទទួលស្គាល់ថា លោកមានចេតនាតិចតួច ដើម្បីចូលរួមក្នុង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ឡើងវិញ ដោយលោកសង្ឃឹមថានឹងអាចបង្កើតវិស័យសេដ្ឋកិច្ចមួយ ដែលអាចប្រកួតប្រជែងជាមួយប្រទេសចិនបាន ៕
ប្រភព: CNN