រុស្ស៊ី​ចាយ​ប្រហែល ១៥ លាន​ដុល្លារ/ម៉ោង សម្រាប់​ការ​ឈ្លានពាន​អ៊ុយក្រែន

អន្តរជាតិ

សង្គ្រាម​រវាង​មហាអំណាច​រុស្ស៊ី និង​អ៊ុយក្រែន​បាន​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ ៣ ខែ​គិត​ចាប់​ពី​ចុងខែ​កុម្ភៈ​មក​ទល់​នឹង​ពេលនេះ ហើយ​វា​បាន​ធ្វើ​ឲ្យ​ភាគី​ទាំងសងខាង ក៏​ដូចជា​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ទទួល​រង​ផល​ប៉ះពាល់​ជា​ខ្លាំង​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​ជា​អ្នក​បើក​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន​មុន រុស្ស៊ី​បាន​ចំណាយ​ទឹកប្រាក់​អស់​ជាច្រើន​​ពាន់​លាន​ដុល្លារ ហើយ​បើ​យោង​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​បាន​ទម្លាយ​ថា រដ្ឋាភិបាល​ចំណាយ​ប្រហែល ១៥,៥ លាន​ដុល្លារ/ម៉ោង សម្រាប់​សង្គ្រាម​មួយ​នេះ។

តួលេខ​ខាងលើ​គឺ​ពិត​ជា​ស៊ីសង្វាក់​ជាមួយ​នឹង​ទំហំ​ទុន​បម្រុង​របស់​រុស្ស៊ី​ទៅលើ​ផ្នែក​ការពារ​សន្តិសុខ​សង្គម​ដែល​ទម្លាយ​កាលពី​ខែមេសា​កន្លង​ទៅ ក្នុង​ទំហំ​ប្រហែល ៦២៨ ពាន់​លាន​រ៊ូបល ឬ​ប្រហែល ១១ ពាន់​លាន​ដុល្លារ។

ដោយឡែក Moscow Times ក៏​បាន​រាយការណ៍​ដែរ​ថា ជា​មធ្យម​រុស្ស៊ី​ចំណាយ​ប្រហែល ២១ ពាន់​លាន​រ៊ូបល ឬ​ប្រមាណ ៣៦០ លាន​ដុល្លារ ដើម្បី​ការ​ធ្វើសង្គ្រាម​មួយ​នេះ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ចាយ​លុយ​ប្រមាណ ១១ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ខែ ខណៈ​តួលេខ​ជាក់លាក់​ពី​ការ​ចំណាយ​ទៅ​លើ​សង្គ្រាម​មួយ​នេះ​គឺ​មិនទាន់​មាន​ប្រភព​ច្បាស់ការ​នៅឡើយ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ទុន​បម្រុង​ការពារ​សន្តិសុខ​ជាតិ​របស់​រុស្ស៊ី​បាន​កើនឡើង​ជា​លំដាប់ ពោល​នៅ​ខែមករា ពួកគេ​ចំណាយ​ប្រហែល ២៣៣,៧ ពាន់​លាន​រ៊ូបល (ប្រហែល​ជាង ៣ ពាន់​លាន​ដុល្លារ) ទៅ​លើ​ផ្នែក​យោធា តែ​បាន​កើនឡើង​ដល់ ៣៦៩ ពាន់​លាន​រ៊ូបល​នៅ​ខែ​កុម្ភៈ (ជាង ៦ ពាន់​លាន​ដុល្លារ) និង​នៅ​ខែមេសា តួលេខ​ហក់​ដល់ ៦២៨ ពាន់​លាន​​រ៊ូបល (ប្រហែល ១១ ពាន់លាន​ដុល្លារ)។

ដូច្នេះ​បើ​គិត​ពី​ខែមករា​មក​ត្រឹម​ខែមេសា រុស្ស៊ី​បាន​ចាយ​លុយ​អស់​ប្រហែល ១,៦៨១​ ទ្រីលាន​រ៊ូបល ឬ​ប្រមាណ​ ៣០ ពាន់​លាន​ដុល្លារ ខណៈ​ចំនួន​មួយ​នេះ​គឺ​ច្រើន​លើសលុប​ពី​អ៊ុយក្រែន ដោយសារ​រុស្ស៊ី​មិន​បាន​ទទួល​ជំនួយ​ពី​ប្រទេស​ណា​មួយ​ឡើយ​នៅ​លើ​ពិភពលោក៕

ប្រភព: Newsweek