សម្រាប់មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក ហាក់មានភាពលំបាកលំបិនជាខ្លាំង ជាក់ស្ដែងសន្ទស្សន៍ទីផ្សារភាគហ៊ុនដែលតាមដានដំណើរការរបស់ក្រុមហ៊ុនធំៗចំនួន ៥០០ ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនក្នុងសហរដ្ឋអាមេរិក ហៅកាត់ S&P 500 មានការធ្លាក់ចុះរហូតដល់ ២០% ខណៈ Nasdaq 100 ចុះ ៣០% ស្របពេលទីផ្សារកាក់ឌីជីថល Cryptocurrency ធ្លាក់ដល់ទៅ ៥០%។
ការធ្លាក់ចុះដ៏សំបើមនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្វើឲ្យក្រុមមហាសេដ្ឋីទទួលរងការខាតបង់ជាធ្ងន់ធ្ងរ ពោលបើគិតពីខែវិច្ឆិកា មកទល់ពេលនេះ ទ្រព្យសម្បត្តិប្រហែល ៨០០ ពាន់លានដុល្លារពីមហាសេដ្ឋីអាមេរិក គឺបានបាត់បង់។ នេះបើតាមការសន្និដ្ឋានពី Bloomberg។
ក្នុងចំណោមមហាសេដ្ឋីអាមេរិកទាំងអស់ Elon Musk គឺជាបុគ្គលទទួលរងការខូចខាតខ្លាំងជាងគេ ពោលបានរបូតទ្រព្យសម្បត្តិប្រហែល ៤០% គិតចាប់ពីខែវិច្ឆិកាមក ដែលគ្រានោះលោកមានទ្រព្យរហូតដល់ ៣៤០ ពាន់លានដុល្លារឯណោះ។
យោងតាមរបាយការណ៍ចុះផ្សាយដោយ Bloomberg Billionaires Index បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន Elon Musk មានទ្រព្យសម្បត្តិប្រហែល ២០១ ពាន់លានដុល្លារ ខណៈមូលហេតុធំដែលធ្វើឲ្យលោករបូតទ្រព្យច្រើនបែបនេះ ដោយសារការធ្លាក់ចុះនៃតម្លៃហ៊ុន Tesla ដែលជាប្រភពចំណូលធំផ្ទាល់ខ្លួន ប្រមាណ ៤៥% ធៀបនឹងឆ្នាំទៅ។
ក្រៅពី Elon Musk ស្ថាបនិក Amazon លោក Jeff Bezos ក៏មានខាតបង់មិនចាញ់គ្នាប៉ុន្មានឡើយ ពោលគឺបានបាត់បង់ទ្រព្យសម្បត្តិប្រហែល ៤០% ដូចទៅនឹងមហាសេដ្ឋីមានបំផុតលើលោកផងដែរ ដោយសារតម្លៃហ៊ុនរបស់ Amazon ធ្លាក់ចុះប្រហែល ៣៧% បើធៀបនឹងឆ្នាំទៅ ខណៈបច្ចុប្បន្ន មហាសេដ្ឋីមានបំផុតទី ២ សល់ទ្រព្យសម្បត្តិប្រមាណ ១៣១ ពាន់លានដុល្លារ៕
ប្រភព: Businessinsider