ទីបំផុត Starbucks ប្រកាសបញ្ឈប់អាជីវកម្មទាំងស្រុងនៅរុស្ស៊ី ក្រោយបិទហាងអស់ ១៣០ កន្លែង

អន្តរជាតិ

ក្រុមហ៊ុន Starbucks បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ឈប់អាជីវកម្មទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីបានបិទហាងកាហ្វេចំនួន ១៣០ កន្លែងរបស់ខ្លួន នៅក្នុងប្រទេសមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុនកាហ្វេដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បានផ្អាកអាជីវកម្មរបស់ខ្លួន កាលពីដើមខែមីនា បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន នៅចុងខែកុម្ភ:មក។ ហើយថ្មីៗនេះ Starbucks បានបញ្ជាក់យ៉ាងច្បាស់ថា នឹងចាកចេញពីប្រទេសរុស្ស៊ី ហើយម៉ាកយីហោរបស់ខ្លួន នឹងលែងមានវត្តមាននៅក្នុងទីផ្សារប្រទេសនេះទៀតហើយ ។

លើសពីនេះ ក្រុមហ៊ុនបាននិយាយថា ៖ ” យើងនឹងបន្តគាំទ្រដល់បុគ្គលិកជិត ២ ០០០ នាក់ នៅក្នុងប្រទេសរុស្ស៊ី រួមទាំងការបង់ប្រាក់សម្រាប់ពួកគេ ក្នុងរយ:ពេល ៦ ខែ និងផ្តល់ជំនួយផ្សេងទៀត ដើម្បីធ្វើឱ្យពួកគេអាចស្វែងរកឱកាសការងារផ្សេង ក្រៅពី Starbucks “ ។

គួរឱ្យដឹងផងដែរថា ចំណាត់ការនេះ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនម៉ាកយីហោដ៏ល្បីល្បាញរបស់អាមេរិក McDonald’s បានសម្រេចចិត្តបញ្ឈប់អាជីវកម្មទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុន បើទោះបីជាពួកគេបានឈរជើងរកស៊ី នៅក្នុងប្រទេសនេះ អស់រយ:ពេលជាយូរណាស់មកហើយ ក៏ដោយ ។

បញ្ជាក់ថា ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី បានទទួលរងសម្ពាធយ៉ាងខ្លាំង ដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងពីពិភពលោកទាំងមូល ចំពេលមានការថ្កោលទោសជាអន្តរជាតិ ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅប្រទេសអ៊ុយក្រែន ៕

ប្រភព: CNA