ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit បាននិយាយថា រុស្ស៊ី កំពុងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសថៃ រហូតដល់ ១០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ បន្ទាប់ពីពួកគេបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគ នៅក្នុងប្រទេសនៅអាស៊ានមួយនេះ ។
ជាក់ស្តែង លោក Jurin បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីបានចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រុស្ស៊ី លោក Maxim Reshetnikov នៅខាងក្រៅនៃកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក (Apec) នាទីក្រុងបាងកក ។
មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្រ្តីរូបនេះ បានលើកឡើងថា ប្រទេសរុស្ស៊ី បានសន្យាគាំទ្រដល់គោលដៅនៃការបង្កើនពាណិជ្ជកម្មទ្វេរភាគីប្រចាំឆ្នាំ ដល់ ១០ ពាន់លានដុល្លារ ពីចំនួន ២,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន ខណ:ពេលដែលរុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៣០ របស់ប្រទេសថៃ ។ ហើយកាលពីឆ្នាំមុន ប្រទេសថៃ បាននាំចេញទំនិញសរុបចំនួន ១,០២ ពាន់លានដុល្លារ ទៅកាន់ប្រទេសមួយនេះ ដែលកើនឡើង ៤១% បើធៀបនឹងឆ្នាំមុនមួយទៀត ។
គួរឱ្យដឹងថា ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីភាគច្រើន គឺជារថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតផលកៅស៊ូ គ្រឿងម៉ាស៊ីន និងរួមទាំងផ្លែឈឺកែថ្នៃ ក៏ដូចជាគ្រឿងកំប៉ុងផងដែរ ។ ដោយឡែកសម្រាប់ការនាំចូលវិញ មានដូចជាប្រេងឆៅ ជី ថ្នាំសម្លាប់ស្មៅ និងដែក ។
បន្ថែមពីនេះ លោក Jurin បាននិយាយទៀតថា ប្រទេសរុស្ស៊ី កំពុងស្វែងរកការទិញទំនិញបន្ថែមទៀតពីប្រទេសថៃ ដែលភាគច្រើនជាផលិតផលអាហារ អង្ករ ផ្លែឈើ រថយន្ត និងគ្រឿងបន្លាស់រថយន្ត។ ស្របពេលរុស្ស៊ី ក៏មានបំណងចង់បណ្តាក់ទុនបន្ថែម ទៅលើវិស័យព័ត៌មានវិទ្យាផងដែរ ៕
ប្រភព: Bangkok Post