សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យពិភពលោកមានការជ្រួលច្របល់ជាខ្លាំង ជាពិសេសលើផ្នែកសេដ្ឋកិច្ច និងវិបត្តិកង្វះខាតចំណីអាហារតែម្ដង។

ជាក់ស្ដែង ប្រទេសទាំង ២ ខាងលើគឺជាអ្នកនាំចេញធំបំផុត ១/៣ លើផ្នែកស្រូវសាលី គ្រាប់ធញ្ញជាតិ និងប្រេងផ្កាឈូករ័ត្នទូទាំងពិភពលោក ស្របពេលតម្លៃជីកំពុងមានការឡើងថ្លៃខ្ពស់ដោយសារសង្គ្រាមនេះផងដែរ។

ទាក់ទងនឹងបញ្ហាខាងលើ លោក David Beasley ដែលជាប្រធានផ្នែកអាហារពិភពលោកលោកប្រចាំអង្គការសហប្រជាជាតិ បានចេញមុខស្នើសុំជំនួយពីក្រុមមហាសេដ្ឋីទាំងអស់ ក្នុងជួយគ្នាមួយដៃមួយជើង ដើម្បីដោះស្រាយបញ្ហាកង្វះចំណីអាហារមួយនេះ។

មន្ត្រី UN ខាងលើបានបង្ហោះសារទៅកាន់ក្រុមមហាសេដ្ឋីថា៖ “ពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ដ៏អាក្រក់ ហើយនេះមិនមែនជាពាក្យវោហាសាស្រ្ត ចេះតែនិយាយឡើយ។ ក្រោកឈរឡើង ព្រោះពិភពលោកកំពុងត្រូវការពួកអ្នក”។
បញ្ជាក់ដែរថា សង្គ្រាមកាន់តែអូសបន្លាយ នោះហានិភ័យនៃកង្វះស្បៀងអាហារពិភពលោកកាន់តែមានខ្ពស់ ដ្បិតប្រសិនបើអ៊ុយក្រែននៅតែមិនអាចផ្គត់ផ្គង់ផលិតផលលើទីផ្សារបន្តទៀត ក្នុងរយៈពេល ១០ ទៅ ១២ ខែខាងមុខ ពិភពលោកនឹងជៀសមិនផុតពីវិបត្តិកង្វះចំណីអាហារជាមិនខាន៕
ប្រភព: Thenational