ថ្មីៗនេះ ក្រុមហ៊ុនខ្នាតយក្ស Samsung Group បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ៣៥៦ ពាន់លានដុល្លារ ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ដើម្បីពន្លឿនទៅលើវិស័យផ្នែកបន្ទះឈីប ឱសថ និងបច្ចេកវិទ្យាជំនាន់ក្រោយផ្សេងទៀត ។
ជាក់ស្តែង ក្រុមហ៊ុនកំពូលរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានឱ្យដឹងទៀតថា ការវិនិយោគរហូតដល់ឆ្នាំ ២០២៦ នេះ ត្រូវបានគេរំពឹងថា នឹងជួយក្រុមហ៊ុន Samsung ជំរុញដល់កំណើនរយ:ពេលវែង នៅក្នុងវិស័យស្នូល ដូចជាផ្នែកបន្ទះឈីប ខណ:ក្រុមហ៊ុន ក៏បានសន្យាថា នឹងធ្វើការវិនិយោគធំទៅលើវិស័យឱសថ ដើម្បីឱ្យទទួលបានភាពជោគជ័យ ដូចទៅនឹងអាជីវកម្មបន្ទះឈីបរបស់ខ្លួនដែរ ។
មិនតែប៉ុណ្ណោះ Samsung Electronics ដែលជាក្រុមហ៊ុនផលិតអង្គចងចាំ និងស្មាតហ្វូន ដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមថា ៨០% នៃការវិនិយោគនេះ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ។
លើសពីនេះ Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការនៃការវិនិយោគនេះ នឹងនាំមកនូវ កំណើនរយ:ពេលវែង នៅក្នុងអាជីវកម្មជាយុទ្ធសាស្រ្ត និងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ី រួមទាំងឧស្សាហកម្មសកលនៃបច្ចេកវិទ្យាសំខាន់ៗ ។
ទន្ទឹមនឹងនេះ Samsung ក៏បានបញ្ជាក់ថា ការវិនិយោគនេះ នឹងបង្កើតការងារថ្មីៗចំនួន ៨០ ០០០ កន្លែង ជាពិសេសនៅក្នុងអាជីវកម្មស្នូល រួមមានផ្នែកបន្ទះឈីប និងឱសថ រហូតដល់ឆ្នាំ ២០២៦ ៕
ប្រភព: CNA