Tesla ចុះ​បញ្ជី​អាជីវកម្ម​បើក​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ស្របពេល​តម្លៃ​ហ៊ុន​បន្ត​ដាំក្បាល​ចុះ

អន្តរជាតិ

​រយៈពេល ៦ ខែ​ចុងក្រោយ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla បាន​បន្ត​ធ្លាក់ចុះ​ឥត​ឈប់ឈរ ពោល​បន្ត​ធ្លាក់​តាំងពី​ជិត ១ ១០០ ដុល្លារ មក​សល់​ត្រឹម ៦២៨ ដុល្លារ​នៅ​ថ្ងៃ​ទី ២៥ ឧសភា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ធ្លាក់​ចុះ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មូលធន​ទីផ្សារ​របស់ Tesla បាត់បង់​តម្លៃ​ស្ទើ​ពាក់កណ្ដាល ស្របពេល​ទ្រព្យសម្បត្តិ​មេធំ Elon Musk ធ្លាក់​រហូត​ដល់​ក្រោម ២០០ ពាន់​លាន​ដុល្លារ​។

ថ្វីបើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​នេះ​កំពុង​ធ្លាក់ចុះ​ក៏​ពិតមែន ប៉ុន្តែ​វា​មិន​បាន​បង្អាក់​ការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នោះ​ឡើយ ពោល​នៅ​ថ្ងៃទី ២៥ ឧសភា Tesla បាន​ចុះ​បញ្ជី​បើក​អាជីវកម្ម​នៅ​ប្រទេស​ថៃ ក្រោម​ស្លាក​យីហោ Tesla Company (Thailand) Ltd ជាមួយ​ដើមទុន​ដំបូង ៣ លាន​បាត។

គោលដៅ​ចំបង​របស់ Tesla ក្នុង​ការ​បើក​អាជីវកម្ម​នៅ​ប្រទេស​ថៃ គឺ​លក់​រថយន្ត​អគ្គិសនី ដំឡើង និងលក់ប្រព័ន្ធស្តុកថាមពល និងប្រព័ន្ធផលិតថាមពល ជាជាង​ការ​តំឡើង​រថយន្ត​ដោយ​ផ្ទាល់​នៅ​ទីនោះ។

ការ​បើក​ហាង​លក់​រថយន្ត Tesla នៅ​ប្រទេស​ថៃ គឺ​ចំពេល​រដ្ឋាភិបាល​បាន​ប្រកាស​ពី​គម្រោង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត ខណៈ​កាលពី​ខែមីនា​កន្លង​ទៅ ​រដ្ឋាភិបាល​ថៃ​បាន​អនុម័ត​បញ្ចេញ​ថវិកា ៣ ពាន់​លាន​បាត​ក្នុងការ​គាំទ្រ​ឲ្យ​ប្រជាជន​ប្រើប្រាស់​រថយន្ត​អគ្គិសនី។

បញ្ជាក់​ដែរ​ថា Tesla ហាក់​កំពុង​សម្លឹង​ឃើញ​ទីផ្សារ​នៅ​ប៉ែក​អាស៊ីអាគ្នេយ៍​ខ្លាំង​មួយ​រយៈកាល​ចុងក្រោយ ពោល​ក្រោយ​បើក​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​បើក​សាខា​ថ្មី​មួយ​នៅ​ប្រទេស​ជិតខាង​យើង​ទៀត ហើយ​បើ​តាម​ដំណឹង​ចុងក្រោយ​បាន​ឲ្យ​ដឹង​ថា Tesla ហាក់​ចង់​សាងសង់​រោងចក្រ​ផលិត​អាគុយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ថែមទៀត៕

ប្រភព: Thethaiger