លោក Martin Griffiths បច្ចុប្បន្នមានតួនាទីជាអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់នៅអង្គការសហប្រជាជាតិ មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូនៅដើមខែមិថុនាខាងមុខ ដើម្បីជួបពិភាក្សាជាមួយរដ្ឋាភិបាលអំពីវិវាទដែលកំពុងកើតមាន។

កន្លងមកមន្ត្រីខាងលើតែងតែបង្ហាញវត្តមានជាអ្នកសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ដូចជាបានចេញមុខស្នើសុំរដ្ឋាភិបាលរុស្ស៊ីបើកច្រករបៀងនាំសម្ភារៈឧបត្ថម្ភទៅកាន់ប្រជាជនអ៊ុយក្រែនជាដើម។
ក្រៅពីលោក Martin អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ Rebeca Grynspan ក៏នឹងមានវត្តមានធ្វើទស្សនកិច្ចពិភាក្សាជាមួយរុស្ស៊ីក្នុងការនាំចេញជីឡើងវិញផងដែរ។

រំលឹកផងដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃជីទូទាំងសកលលោកមានការឡើងថ្លៃខ្លាំង ស្របពេលផលិតផលផ្គត់ផ្គង់ក៏មានតិច ដោយសារការនាំចេញពីរុស្ស៊ីមានភាពកកស្ទះ។

យោងតាមរបាយការណ៍ផ្ដល់ឲ្យពី TASS បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយកាលពីថ្ងៃពុធថា ដំណោះស្រាយបញ្ហាស្បៀងអាហារ “តម្រូវឱ្យមានវិធីសាស្រ្តដ៏ទូលំទូលាយ” ដោយអំពាវនាវឱ្យមានការដកទណ្ឌកម្មលើការនាំចេញ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់រុស្ស៊ី។

បញ្ជាក់ដែរថា រុស្ស៊ីធ្លាប់ជាប់ឈ្មោះជាអ្នកនាំចេញជីធំបំផុតលើលោក ពោលនៅឆ្នាំ ២០២០ ពួកគេនាំចេញជីសរុបរហូតដល់ជិត ៨ ពាន់លានដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់ពី OEC៕
ប្រភព: CNN