វៀតណាម ត្រៀមចាយលុយជាង ៨០០ លានដុល្លារ សាងសង់រោងចក្រថាមពលអ៊ីដ្រូសែនដំបូងបំផុត

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បាននិយាយនៅក្នុងសប្តាហ៍នេះថា ការសាងសង់រោងចក្រថាមពលអ៊ីដ្រូសែន ដំបូងបំផុតនៅក្នុងប្រទេស នឹងត្រូវចាប់ផ្តើមនៅខែក្រោយ ស្របពេលប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ​ កំពុងស្វែងរកការជំរុញទៅលើការប្រើប្រាស់ថាមពលមិនប៉ះពាល់បរិស្ថាន និងចង់កាត់បន្ថយការពឹងផ្នែកទៅលើធ្យូងថ្មី ក្នុងវិស័យថាមពលរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថាមពលអ៊ីដ្រូសែន TGS Green Hysrogen នឹងត្រូវសាងសង់នៅភាគខាងត្បូងនៃខេត្ត Ben Tre ជាមួយនឹងប្រត្តិបត្តិការសាកល្បង នឹងចាប់ផ្តើមពីត្រីមាសទីមួយ ឆ្នាំក្រោយទៅ ។

គួរឱ្យដឹងថា អ៊ីដ្រូសែន ត្រូវបានគេចាត់បញ្ចូលថាជាថាមពលបៃតងមួយ ដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយដើម្បីទទួលបានថាមពលនេះ គឺគេត្រូវយកវាចេញពីទឹក ដោយប្រើអេឡិចត្រូលីស ដែលដំណើរការដោយថាមពលកកើតឡើងវិញ ។ ថាមពលនេះទៀតសោត ត្រូវបានគេមើលឃើញថាមានសារ:សំខាន់ខ្លាំង ដើម្បីជួយដល់បរិស្ថាន បើទោះបីជាបច្ចេកវិទ្យានេះ មានតម្លៃថ្លៃ និងស្ថិតនៅដំណាក់កាលអភិវឌ្ឍក៏ដោយ ។

លើសពីនេះ វៀតណាម បាននិយាយទៀតថា រោងចក្រនេះនឹងមានតម្លៃប្រមាណ ១៩,៥ ទ្រីលានដុង ឬ ៨៤០ លានដុល្លារ ហើយវានឹងមានសមត្ថភាពផលិតថាមពលអ៊ីដ្រូសែនបាន ២៤ ០០០ តោន អាម៉ូញាក់ ១៥០ ០០០ តោន និងអុកស៊ីសែន ១៩៥ ០០០ តោន ក្នុងមួយឆ្នាំ ហើយរោងចក្រនេះ នឹងបង្កើនសមត្ថភាពក្នុងការផលិតបានទ្វេរដង នៅដំណាក់ក្រោយ ។

បញ្ជាក់ផងដែរថា ប្រទេសវៀតណាម ដែលជាមហាអំណាចផលិតកម្មនៅក្នុងតំបន់ កំពុងមានបំណងចង់បង្កើនសមត្ថភាពផលិតថាមពលសរុប ឱ្យកើនឡើងជិត ២ ដង ដល់ចំនួន ១៤៦ ០០០ មេហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ហើយផ្តល់អាទិភាពចម្បងទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកទៅលើធ្យូងថ្ម ៕

ប្រភព: CNA