កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុនផលិតរថយន្តទំនើប Ferrari បានប្រកាសដាក់ឈ្មោះតារាចម្រៀង Justin Bieber ដែលអ្នកគាំទ្រនិយមហៅ JB ក្នុងបញ្ជីខ្មៅក្នុងការទិញរថយន្តបែប Limited Edition និង Exclusive ដោយសារតារាចម្រៀងម្នាក់នេះមិនអាចធ្វើតាមលក្ខខណ្ឌមួយចំនួនរបស់ក្រុមហ៊ុន។

ទើបនឹងដាក់ឈ្មោះ JB ចូលក្នុង Black List មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះលឺល្ហៀងៗមកទៀតថា ក្រុមហ៊ុនអ៊ីតាលីបានកំណត់មុខសញ្ញាថ្មីគឺ តារាសម្ដែង Kim Kardashian ដែលមានទ្រព្យសម្បត្តិពាន់លានដុល្លារចូលក្នុងការហាមឃាត់សម្រាប់ការទិញរថយន្តមួយចំនួនផងដែរ។

យោងតាមការបកស្រាយពីអ្នកនាំពាក្យក្រុមហ៊ុន Ferrari បានឲ្យដឹងថា ក្រុមហ៊ុនមិនបានហាមបុគ្គលទាំងនោះក្នុងការទិញរថយន្ត Ferrari គ្រប់ប្រភេទឡើយ ពោលគ្រាន់តែពួកគេគ្មានសិទ្ធក្នុងការទិញរថយន្តប្រភេទ Limited Edition ឬប្រភេទ Exclusive ឡើយ ដោយសារបានល្មើសនឹងលក្ខខណ្ឌក្រុមហ៊ុនមួយចំនួន។

បញ្ជាក់ដែរថា Ferrari អាចនិយាយបានថា មិនមែនត្រឹមជាក្រុមហ៊ុនលក់តែផលិតផលឡើយ ពោលគឺពួកគេតែងតែបារម្ភ និងយកចិត្តទុកដាក់ចំពោះកិត្តិយសនៃក្រុមហ៊ុនណាស់ ដ្បិតរាល់ពេលលក់រថយន្តបែប Limited Edition ម្ដងៗ ពួកគេមានសិទ្ធជ្រើសរើសភ្ញៀវ មិនមែនមានលុយចេះតែអាចទិញបានឡើយ៕
ប្រភព: Marca