Alexandr Wang បច្ចុប្បន្នគឺកំពុងក្ដោបងារជាមហាសេដ្ឋីវ័យក្មេងបំផុតលើលោកដែលផ្ដើមអាជីវកម្មតាំងពីបាតដៃទទេ ខណៈកន្លងមកយុវជនម្នាក់នេះក៏ធ្លាប់ជាបុគ្គលបោះបង់ការសិក្សាផងដែរ។
ស្ថិតក្នុងវ័យ ២៥ ឆ្នាំ Wang គឺមានទ្រព្យសម្បត្តិប្រមាណ ១ ពាន់លានដុល្លារ និងជាសហស្ថាបនិកក្រុមហ៊ុន Scale Labs ដែលមានភារកិច្ចផ្ដល់សេវាកម្មផ្នែក AI យ៉ាងមានជំនាញ ហើយក៏កំពុងត្រូវបានប្រើប្រាស់នៅក្រុមហ៊ុនធំៗនៅអាមេរិក ក៏ដូចជាកំពុងប្រើប្រាស់ដោយរដ្ឋាភិបាលថែមទៀតផង។ នេះបើតាមការចុះផ្សាយពី Forbes។
ប្រភពខាងលើបានបន្ថែមទៀតថា បច្ចុប្បន្ន Wang គឺមានកុងត្រាជាមួយរដ្ឋាភិបាលតម្លៃ ១១០ លានដុល្លារ ស្របពេលនៅ Scale Labs យុវជនម្នាក់នេះក៏មានចំណែកភាគហ៊ុនសរុប ១៥% ផងដែរ។
យ៉ាងណា មុននឹងឈានមកដល់ចំណុចមួយនេះ Wang ធ្លាប់កុហកឪពុកម្ដាយអំពីការសិក្សា ពោលនៅវ័យ ១៩ ឆ្នាំ Wang បានបោះបង់ការសិក្សា ប៉ុន្តែមិនបានជូនដំណឹងមួយនេះទៅកាន់ក្រុមគ្រួសារឡើយ រហូតដល់សមិទ្ធផលនៃគម្រោងការដែលគេសំងំផលិតទទួលបានជោគជ័យខ្លាំង ទើបដាច់ចិត្តទម្លាយដំណឹងមួយនេះដល់ក្រុមគ្រួសារ។
យោងតាមការចុះផ្សាយពី UNILAD បានឲ្យដឹងថា សកលវិទ្យាល័យដែល Wang សម្រេចបោះបង់ការសិក្សាគឺជា Top University មួយនៅលើពិភពលោក MIT ដែលមានទីតាំងនៅ Cambridge ចក្រភពអង់គ្លេស ដែលសកលវិទ្យាល័យមួយនេះជំនាញខ្លាំងលើមុខវិជ្ជាគណិតវិទ្យា បច្ចេកវិទ្យា និងលើវិស័យវិទ្យាសាស្ត្រផ្សេងៗ។
ប៉ុន្តែអាចនិយាយបានថា ដោយសារមានមហិច្ឆតា គួបផ្សំនឹងការស្រលាញ់ចូលចិត្តបច្ចេកវិទ្យាពីក្មេងផង Wang សម្រេចចិត្តបោះបង់ការសិក្សាត្រឹមវ័យ ១៩ ឆ្នាំ តាមចាប់ក្ដីស្រមៃ បង្កើតក្រុមហ៊ុន Scale AI ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រខ្លាំង រួមទាំងត្រូវបានប្រើប្រាស់លើវិស័យយោធាអាមេរិកផង។
បញ្ជាក់ដែរថា បច្ចេកវិទ្យា Scale AI អាចមានសមត្ថភាពធ្វើការវិនិច្ឆ័យតាមរយៈផ្កាយរណបបានលឿនជាងមនុស្ស សម្រាប់ការដឹងដំណឹងអំពីភាពខូចខាតនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ហើយក្រៅពីកំពុងប្រើប្រាស់ដោយរដ្ឋាភិបាល វាក៏កំពុងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនច្រើនជាង ៣០០ ផងដែរដែរ រាប់បញ្ចូលទាំងក្រុមហ៊ុនយក្សដូចជា General Motors និង Flexport៕