ម៉ាកយីហោ រថយន្តប្រណីតៗ ជាច្រើន មិនមានរថយន្តគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ជូនដល់អតិថិជនរបស់វៀតណាមនោះឡើយ ដោយសារតែបញ្ហាកង្វះបន្ទះឈីបជាសកល ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
នៅក្នុងរយ:ពេលពីរឆ្នាំចុងក្រោយ ការផ្គត់ផ្គង់ពីប្រទេសចិន ដែលជាកន្លែងផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះ ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ ១៩ ដែលបណ្តាលឱ្យជួបប្រទះភាពខ្វះខាតជាសកល ។
ហើយមិនតែប៉ុណ្ណោះ ការផ្គត់ផ្គង់ នៅក្នុងប្រទេសវៀតណាម កំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង ដោយសារតែម៉ាកយីហោនានា ផ្តោតទៅលើការចែកចាយ ចំពោះការបញ្ជាទិញទៅកាន់ទីផ្សារធំៗរបស់ពួកគេ ដូចជា សហរដ្ឋអាមេរិក ឬបណ្តាប្រទេសនៅអឺរ៉ុប ជាដើម ។
គួរឱ្យដឹងថា អតិថិជនរបស់រថយន្ត Mecedes- Benz ត្រូវបានគេនិយាយថា នឹងរង់ចំាយ៉ាងហោចណាស់ ៣ ខែ សម្រាប់រថយន្តប្រភេទ SUV និងប្រភេទ S-class ហើយសម្រាប់រថយន្តប្រណីតបំផុត ប្រភេទ Maybach និង SUVs វិញ អាចរង់ចាំរហូតដល់ ១ ឆ្នាំឯណោះ ។
ដោយឡែក ម៉ូដែលផលិតក្នុងស្រុកមួយចំនួន រួមទាំងរថយន្តប្រភេទ E-Class និង GLC SUVs ក៏ជួបប្រទះភាពខ្វះខាតផងដែរ ដូច្នេះ អ្នកទិញនឹងត្រូវរង់ចាំដល់ ១ ទៅ ២ ខែ ដើម្បីទទួលបានរថយន្ត ដែលពួកគេកម្ម៉ង់ ។
ជាមួយគ្នានោះ ក្រុមហ៊ុន BMW ដែលធ្លាប់តែមានស្ថិរភាពក្នុងការផ្គត់ផ្គង់ ប៉ុន្តែក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ ការផ្គត់ផ្គង់បានធ្លាក់ចុះ ហើយអ្នកទិញត្រូវរង់ចាំពី ៣ ទៅ ៦ ខែ ទើបទទួលបានរថយន្ត ។
ចំពោះអ្នកទិញរថយន្ត Porsche , Lexus និង Land Rover វិញ ត្រូវរង់ចាំយូរបំផុតពី ១២ ទៅ ១៤ ខែ ដោយអាស្រ័យទៅលើជម្រើសពណ៌ និងមុខងារ។
បញ្ជាក់ផងដែរថា កង្វះខាតគ្រឿងបន្លាស់រថយន្ត ក៏កំពុងក្លាយជាបញ្ហាធំដល់អ្នកទិញផងដែរ ដោយសារតែម៉ាកយីហោមួយចំនួន ត្រូវដំឡើងតម្លៃ និងកាត់បន្ថយការផ្តល់ជូន សម្រាប់រថយន្តរបស់ពួកគេ៕