យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា លោក Valentin Yumashev ជាកូនប្រសាអតីតប្រធានាធិបតីរុស្ស៊ី Boris Yeltsin បានចុះចេញពីតំណែងជាទីប្រឹក្សារដ្ឋកាលពីពេលកន្លងទៅ។
ប្រភពខាងលើបានអះអាងថា មានបុគ្គល ២ រូបសុំមិនបញ្ចេញអត្តសញ្ញាណទម្លាយថា Yumeshev គឺជាកូនសោសំខាន់មួយសម្រាប់ប្រធានាធិបតី Vladimir Putin ក្នុងជួររដ្ឋាភិបាល ហើយលោកបានចុះចេញពីតំណែងកាលពីខែមេសាម៉្លេះ។
Reuters ក៏បានបញ្ជាក់ទៀតថា អតីតទីប្រឹក្សារដ្ឋខាងលើគឺធ្វើការដោយយកចិត្តទុកដាក់បំផុត និងមានឥទ្ធិពលក្នុងការសម្រេចចិត្តរបស់ប្រធានាធិបតីមួយចំនួន ប៉ុន្តែដោយសារលោកជាកូនប្រសាអតីតប្រធានាធិបតី គួបផ្សំនឹងបទពិសោធន៍ការងារ ក៏ដូចជាស្នាដៃកន្លងផង បានធ្វើឲ្យការចុះចេញពីតំណែងរបស់លោក ក្លាយជាការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់លោកពូទីន។
ចំពោះការសម្រេចចិត្តលាលែងពីតំណែងជាមន្ត្រីជាន់ខ្ពស់របស់ Yumeshev គឺមិនត្រូវបានបញ្ចេញមូលហេតុច្បាស់លាស់ឡើយ ដោយគ្រាន់តែដឹងថា វាជាការសម្រេចចិត្តដោយខ្លួនឯង គ្មានការបង្ខិតបង្ខំឡើយ។
គូសបញ្ជាក់ដែរថា សារព័ត៌មាន BBC ធ្លាប់បានរាយការណ៍ថា Yumashev គឺប្រៀបដូចជាអ្នកមានគុណរបស់ពូទីនអញ្ចឹង ដោយសារនៅឆ្នាំ ១៩៩៧ លោកបានផ្ដល់ការងារតំបូងក្នុងជួររដ្ឋាភិបាលឲ្យទៅពូទីន និងក្រោយមកណែនាំលោកទៅកាន់ឪពុកក្មេកក្នុងនាមជាអ្នកស្នងតំណែងប្រធានាធិបតីថែមទៀត។
ក្រៅពីលោក Yumeshev មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតបានប្រកាសចុះចេញពីតំណែងតាំងពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន ក្នុងនោះមានដូចជា លោក Anatoly Chubais ដែលដើរតួជាបេសកជនរបស់ពូទីនប្រចាំអង្គការអន្តរជាតិ។ នេះបើតាមការចុះផ្សាយពី Associated Press។
នៅមានដូចជា Boris Bondarev អ្នកការទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Arkady Dvorkovich អតីតឧបនាយករដ្ឋមន្ត្រី លាលែងពីប្រធាន Skolkovo Foundation ដែលជាអង្គការវិទ្យាសាស្ត្រកំពូលឧបត្ថម្ភដោយរដ្ឋ និង Zhanna Agalakova និង Lila Gildeyeva បោះបង់អាជីពជាពិធីការនីប៉ុស្តិ៍ទូរទស្សន៍រដ្ឋ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Business Insider៕