បច្ចុប្បន្ន Tesla កំពុងចាប់ផ្ដើមពង្រីកខ្លួនខ្លាំងចំពោះទីផ្សារនៅអាស៊ី ដោយបានចាប់ផ្ដើមសម្លឹងឃើញការរីកលូតលាស់លើទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ីអាគ្នេយ៍ផ្ទាល់តែម្ដង ដោយបានបើកហាងលក់រថយន្តនៅប្រទេសកម្ពុជា និងនៅថៃ ហើយលឺល្ហៀងៗថា អាចនឹងសាងសង់រោងចក្រផលិតអាគុយនៅឥណ្ឌូណេស៊ីថែមទៀត។

បើទោះជាកំពុងជោគជ័យក្នុងការពង្រីកវិសាលភាពអាជីវកម្មមកតំបន់អាស៊ីយ៉ាងណា ក៏ Tesla ហាក់នៅមិនទាន់អាចហក់ចូលទីផ្សាររថយន្តនៅប្រទេសឥណ្ឌា ដែលជាទីផ្សារយក្សមួយលើពិភពលោកបាននៅឡើយ ដោយសារច្បាប់មួយចំនួនរបស់ប្រទេសមានប្រជាជនច្រើនបំផុតលើលោកទី ២មួយនេះ។

ឧបសគ្គធំបំផុតសម្រាប់ Tesla ក្នុងការសាងសង់រោងចក្រនៅឥណ្ឌា គឺរដ្ឋាភិបាលប្រចាំតំបន់មិនអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកលក់សេវាកម្មផ្នែករថយន្តអគ្គិសនីរបស់ពួកគេឡើយ មុនពេលពួកគេសាងសង់រោងចក្រផលិតរថយន្ត។
បែបនេះគឺមានន័យថា រដ្ឋាភិបាលឥណ្ឌាកំណត់ឲ្យ Tesla ត្រូវតែសាងសង់រោងចក្រផលិតរថយន្តនៅឥណ្ឌា មុនពេលយករថយន្តមកលក់ស្រាប់ៗនៅលើទីផ្សារ។

ជុំវិញករណីខាងលើ មហាសេដ្ឋី Elon Musk បានបង្ហោះសារនៅលើ Twitter ថា បើសិនជាឥណ្ឌាមិនអាចកែប្រែច្បាប់ខាងលើបាន នោះ Tesla នឹងមិនយល់ព្រមទៅសាងសង់រោងចក្រនៅទីនោះឡើយ។
ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបែរជាលើកអំណះអំណាងតបតនឹងមេធំ Tesla វិញថា ការតម្រូវឲ្យ Tesla សាងសង់រោងចក្រមុន គឺជាឱកាសសម្រាប់ក្រុមហ៊ុនអាមេរិកទៅវិញ ពោលកម្លាំងពលកម្មនៅទីនោះមានតម្លៃធូរថ្លៃជាង និងមានទីផ្សារធំទូលាយស្រាប់ ងាយស្រួលដល់ការនាំចេញរបស់ Tesla ពីទីផ្សារឥណ្ឌា។ នេះបើតាមការចុះផ្សាយពី Foxbusiness។
គួររំលឹកផងដែរថា រដ្ឋាភិបាលឥណ្ឌាបានបរាជ័យជាច្រើនលើកច្រើនសារក្នុងការអូសទាញការវិនិយោគពីក្រុមហ៊ុន Tesla ស្របពេល Elon Musk ប្រកាន់ជំហរ បើឥណ្ឌាមិនកែប្រែច្បាប់ Tesla នឹងមិនអាចសាងសង់រោងចក្រនៅទីនោះបានដាច់ខាត៕