ដោយសារការរាតត្បាតជំងឺកូវីដ ១៩ កន្លងមក ទោះចង់ឬមិនចង់ក្រុមហ៊ុនធំៗជាច្រើនតម្រូវឲ្យបុគ្គលិករបស់ពួកគេត្រូវធ្វើការពីផ្ទះ ដើម្បីសម្របតាមច្បាប់ចត្តាឡឺស័ករបស់រដ្ឋាភិបាល។
ប៉ុន្តែបច្ចុប្បន្ន ដោយសារស៊ាំនឹងស្ថានភាពមួយនេះ មានក្រុមហ៊ុនមួយចំនួនបានអនុញ្ញាតឲ្យបុគ្គលិករបស់ពួកគេអាចត្រឡប់មកកាន់ការិយាល័យ និងធ្វើការនៅកន្លែងផ្ទាល់តែម្ដង ហើយក្នុងនោះ Tesla ក៏កំពុងកោះហៅបុគ្គលិកឲ្យត្រឡប់មកកន្លែងធ្វើការវិញផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Electrek បានឲ្យដឹងថា CEO Elon Musk បានបង្គាប់ឲ្យបុគ្គលិកក្រោមឱវាទទាំងអស់ត្រូវតែបង្ហាញខ្លួននៅការិយាល័យ និងធ្វើការយ៉ាងតិច ៤០ ម៉ោង/សប្ដាហ៍ បើពុំដូច្នោះទេក្រុមហ៊ុននឹងបញ្ឈប់ការងាររបស់ពួកគេភ្លាមៗតែម្ដង។
ប្រភពដដែលក៏បានទម្លាយទៀតអំពី E-mail ដែលបានសរសេរដោយ Elon Musk ថា៖ “សម្រាប់គ្រប់គ្នាដែលចង់ធ្វើការពីផ្ទះ ត្រូវតែបង្ហាញខ្លួននៅការិយាល័យធ្វើការយ៉ាងតិច ៤០ ម៉ោងក្នុងមួយសប្ដាហ៍ ឬត្រូវដកចេញពី Tesla ហើយនេះគឺជាតម្រូវការដែលយើងទាមទារពីបុគ្គលិកនៅរោងចក្រ”។
សារព័ត៌មានអាមេរិកាំងមួយនេះបានបញ្ជាក់ទៀតថា មហាសេដ្ឋីមានបំផុតលើលោកនឹងធ្វើការតាមដានសកម្មភាពរបស់បុគ្គលិកដោយផ្ទាល់ ហើយបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងចាត់ទុកវាជាការសុំឈប់ពីការងារ បើសិនជាបុគ្គលរូបណាមិនបង្ហាញខ្លួននៅក្រុមហ៊ុន។
សូមជម្រាបដែរថា កន្លងមក Elon Musk ក៏ធ្លាប់បញ្ចេញមតិប្រឆាំងនឹងការធ្វើការពីផ្ទះផងដែរ ពោលនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times មេធំ Tesla បាននិយាយថា ប្រជាពលរដ្ឋអាមេរិកព្យាយាមយកលេសមិនចង់ទៅធ្វើការ ស្របពេលកម្មករចិនខិតខំធ្វើការយ៉ាងខ្លាំង ដល់ថ្នាក់មិនចាកចេញពីរោងចក្រក៏មាន៕