ការប្រមូលពន្ធសរុប ក្នុងរយ:ពេល ៥ ខែដំបូង ឆ្នាំ ២០២២ នេះ របស់ប្រទេសវៀតណាម ត្រូវបានប៉ាន់ប្រមាណថា នឹងទទួលបានជិត ៦៧៣ ទ្រីលានដុង (២៨,៨ លានដុល្លារ) ដែលជាការកើនឡើងរហូតដល់ ១៦,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ឬស្មើនឹង ៥៧,៣% នៃការព្យាករណ៍សម្រាប់រយ:ពេលពេញមួយឆ្នាំ ។ នេះបើយោងតាមការឱ្យដឹងពីនាយកដ្ឋានពន្ធដារវៀតណាម ។
គួរកត់សម្គាល់ផងដែរថា ការប្រមូលពន្ធពីវិស័យកសិកម្ម និងអាជីវកម្ម គឺបានរួមចំណែកដ៏ធំបំផុត សម្រាប់ការកើនឡើងនៃប្រាក់ចំណូលនេះ ខណ:វិស័យទាំង ២ នេះ បានរួមចំណែករហូតដល់ទៅ ៥៤,៧% នៃការប៉ាន់ប្រមាណសរុប សម្រាប់ឆ្នាំនេះ និងជាការកើនឡើង ១១,៥% សម្រាប់រយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
មិនតែប៉ុណ្ណោះ លទ្ធផលវិជ្ជមានសម្រាប់ការប្រមូលពន្ធនេះ ត្រូវបានគេសន្មតថា ដោយសារតែសេដ្ឋកិច្ចរបស់វៀតណាម នៅក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ អាចរក្សាបាននូវអត្រាកំណើនយ៉ាងល្អ រួមទាំងជំងឺរាតត្បាតកូវីដ ១៩ បានស្ថិតនៅក្រោមការគ្រប់គ្រង ខណ:ផលិតកម្ម និងសកម្មភាពអាជីវកម្ម កំពុងមានសន្ទុះងើបឡើងវិញ។
ទន្ទឹមនឹងនេះ ការពង្រឹងចំពោះការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការបាត់បង់ និងគេចវេសពន្ធ រួមទាំងការខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយអត្រាបំណុលពន្ធ ក៏បានរួមចំណែកយ៉ាងធំ ក្នុងការបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ ៕
ប្រភព: Vietnamplus