កិត្តិយស ៦ ឆ្នាំ​ត្រូវបាន​ស្រោចស្រង់ Johnny Depp ឈ្នះក្ដី​ និង​ទទួល​បាន​សំណង ១៥ លាន​ដុល្លារ

អន្តរជាតិ

ទីបំផុត លោក Johnny Depp បាន​ឈ្នះ​ក្ដី​ទៅ​លើ​អតីត​ភរិយា Amber Heard ក្រោយ​តារា​សម្ដែង​ស្រី​រូប​នេះ​ដាក់​ពាក្យ​បណ្ដឹង​ ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍​កាលពី​ឆ្នាំ ២០១៨ ប៉ុន្តែ​លោក​បាន​ប្ដឹង​បក​វិញ​នូវ​ឆ្នាំ ២០១៩។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី nypost។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រឿង​ក្ដីក្ដាំ​របស់​អ្នក​ទាំង ២ មិនមែន​ទើប​តែ​កើតឡើង​ថ្មីៗ​នេះ​ឡើយ ពោល​គឺ​តាំងពី​ឆ្នា ២០១៦ មក​ម៉្លេះ ពោល​បន្ទាប់​ពី​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ ២០១៥ ហើយ​រំលង​បាន​មួយ​ឆ្នាំ​បន្តិច ក៏​មាន​ផ្ទុះ​ព័ត៌មាន​មួយ ដោយ Amber បាន​ចោទ Johnny ថា ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​រូបនាង និង​បាន​ស្នើ​សុំ​លែងលះ​នៅ​តុលាការ​ទីក្រុង Los Angeles។

​ព័ត៌មាន​អាស្រូវ​កាលនោះ​មាន​ការ​ប៉ះទង្គិច​យ៉ាងខ្លាំង​ទៅ​លើ Jonny Depp ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ ពោល​ក្រុមហ៊ុន​ដែល​ធ្លាប់​ទាក់ទង​ការងារ​ទាំងប៉ុន្មាន​ព្យាយាម​បញ្ចប់​ការងារ​ជាមួយ​លោក ដោយសារ​មិនចង់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ រហូត​បណ្ដាល​ឲ្យ Johnny ក្លាយ​ជា​មនុស្ស​ឆេវឆាវ និង​មាន​បញ្ហា​ផ្លូវចិត្ត​ថែម​ទៀត។

លុះ​ដល់​ឆ្នាំ ២០១៨ Johnny បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អតីត​ភរិយា ទាមទារ​សំណង ៥០ លាន​ដុល្លារ​ពី​អ្វី​ដែល​នាង​បាន​ប្រាប់​ទៅ​កាន់​ Washington Post ដោយ​បាន​តាំង​ខ្លួន​ជា​ បុគ្គល​សាធារណៈ​ជំនួស​ឲ្យ​ជនរងគ្រោះ​ក្នុង​ករណី​ហិង្សា​ក្នុង​គ្រួសារ​។

ថ្វី​បើ​ក្នុង​អត្ថបទ​មួយ​នោះ​មិនបាន​និយាយ​ចំៗ​ដល់ Johnny ប៉ុន្តែ​លោក​និង​ក្រុម​មេធាវី​ យល់​ឃើញ​ថា វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​អាជីព​របស់​លោក​នៅ​ថ្ងៃ​អនាគត ខណៈ Amber ក៏​បាន​ប្ដឹង​បក​វិញ និង​ទារ​សំណង ១០០ លាន​ដុល្លារ ក្រោយ​ពេល​មេធាវី​របស់ Johnny ហៅ​នាង​ថា ជនបោកប្រាស់។

ឆ្លង​កាត់​ការ​កាត់ក្ដី​អស់​រយៈពេល ៦ សប្ដាហ៍ និង​ការ​ប្រជុំ​សម្រេច ១៣ ម៉ោង​ទៀត Johnny ទទួល​បាន​ជ័យជំនះ និង​សំណង​ទឹកប្រាក់​ប្រមាណ ១៥ លាន​ដុល្លារ និង​បាន​យុត្តិធម៌​ពី​ការ​ចោទប្រកាន់​អស់​រយៈពេល ៦ ឆ្នាំ​ពី​ករណី​ហិង្សា​ក្នុង​គ្រួសារ​ដែល​លោក​មិនបាន​ប្រព្រឹត្ត។ នេះ​បើតាម​កា​វិនិច្ឆ័យ​ពី​ចៅក្រម​នៅ​ទីក្រុង Fairfax។​

ទឹកប្រាក់ ១៥ លាន​ដុល្លារ​សម្រាប់​តារាសម្ដែង​កំពូល​ម្នាក់​នេះ​អាច​នឹង​មិន​ច្រើន តែ​អ្វី​ដែល​សំខាន់​គឺ​ភាព​ស្អាតស្អំ និង​ទទួល​បាន​ភាព​យុត្តិធម៌​រយៈពេល ៦ ឆ្នាំ​ទៅ​វិញ​ទេ​ទើប​ជា​រឿង​សំខាន់​ ដ្បិត​ប៉ុន្មាន​ឆ្នាំ​ដែល​លោក​រស់នៅ​ក្រោម​ឈ្មោះ​ជន​បង្ក​ហិង្សា​ក្នុង​គ្រួសារ បាន​ធ្វើ​ឲ្យ​លោក​ខាត​លុយ​ខ្ទង់​រយលាន​ដុល្លារ​ឯណោះ​ពី​កុងត្រា​ធំៗ​ជាច្រើន៕