ទោះ​កំពុង​ស្ថិតក្រោម​ទណ្ឌកម្ម​សេដ្ឋកិច្ច ក៏​រុស្ស៊ី​នៅ​តែអាច​មាន​ចំណូល ៨០០ លាន​ដុល្លារ/ថ្ងៃ

អន្តរជាតិ

រុស្ស៊ី​កំពុង​ស្ថិត​ក្រោម​គំនាប​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​មហាអំណាច​លោកខាងលិច និង​សហភាព​អឺរ៉ុប បន្ទាប់​ពី​មហាអំណាច​មួយ​នេះ​ធ្វើការ​ឈ្លានពាន​ចូល​ប្រទេស​ជិតខាង​អ៊ុយក្រែន​កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វីបើ​ប្រទេស​ស្ទើរ​ទូទាំង​ពិភពលោក​កំពុង​ព្យាយាម​បិត​ច្រក​សេដ្ឋកិច្ច​រុស្ស៊ី​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​វា​ហាក់​ដូចជា​មិនមាន​ឧបសគ្គ​ជា​ដុំកំភួន​ដល់​មហាអំណាច​មួយ​នេះ​ឡើយ ដ្បិត​រុស្ស៊ី​គឺជា​ប្រភព​នាំចេញ​ដ៏​ធំ​បំផុត​មួយ​លើ​លោក ជាពិសេស​គឺ​ប្រេង និង​ឧស្ម័ន​តែ​ម្ដង។

យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន Bloomberg Economics បាន​ឲ្យ​ដឹង​ថា រុស្ស៊ី​អាច​ទទួល​បាន​ថវិកា​ប្រមាណ ៨០០ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ពី​ការ​នាំចេញ​ប្រេង និង​ឧស្ម័ន​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ការ​ឡើងថ្លៃ​លើ​មុខទំនិញ​ប្រភេទ​មួយ​នេះ។

ការឡើងថ្លៃ​ប្រេង និង​ឧស្ម័ន​នៅ​ឆ្នាំ​នេះ គឺ​ឡើង​រហូត​ដល់ ៥០% និង​ជា​ចំណុច​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ១៣ ឆ្នាំ​ចុងក្រោយ ហើយ​ចំណូល​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​អាច​នឹង​កើន​ពី ២៣៥,៦ ពាន់​លាន​ដុល្លារ​ដល់ ២៨៥ ពាន់​លាន​ដុល្លារ​ ច្រើន​ជាង​ឆ្នាំទៅ ២០% ឯណោះ។ នេះ​បើ​តាម​ការ​ព្យាករណ៍​ពី Bloomberg។

គូសបញ្ជាក់​ដែរ​ថា ចំណូល ៨០០ លាន​ដុល្លារ/ថ្ងៃ​នេះ គឺ​គិត​តែ​លើ​វិស័យ​ឥន្ធនៈ និង​ថាមពល​តែ​មួយ​មុខ​ប៉ុណ្ណោះ ខណៈ​រុស្ស៊ី​ក៏​ជា​អ្នកនាំចេញ​ទំនិញ​កសិកម្ម​ដូចជា​ស្រូវសាលី និង​លោហធាតុ​គីមី​យ៉ាង​ធំ​លើ​ទីផ្សារ​អន្តរជាតិ​ថែម​ទៀត។

Bloomberg Economics ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ចំណូល​ពី​ការ​នាំចេញ​វត្ថុធាតុ​ដើម​របស់​រុស្ស៊ី​នៅ​ឆ្នាំ​នេះ​អាច​នឹង​លើស ៣០០ ពាន់​លាន​ដុល្លារ ដែល​តួលេខ​មួយ​នេះ​គឺ​ប្រហាក់ប្រហែល នឹង​ទុនបម្រុង​អន្តរជាតិ​របស់​រុស្ស៊ី ដែល​កំពុង​បង្កក​ទុក​ដោយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពិភពលោក។

សូមជម្រាប​ផង​ដែរ​ថា បច្ចុប្បន្ន​សហភាព​អឺរ៉ុប​កំពុង​ដុតដៃដុតជើង​ខ្លាំង​ក្នុង​ការ​ទប់ស្កាត់​ការ​នាំចេញ​ប្រេង​របស់​រុស្ស៊ី​ទៅ​លើ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ដោយសារ​សមាជិក​ EU មួយ​ចំនួន​ធំ​សុទ្ធតែ​ជា​ម៉ូយប្រេង​ដុំ​របស់​រុស្ស៊ី ហើយ​ការ​ផ្ដាច់​សង្វាក់​ផ្គត់ផ្គង់​ភ្លាមៗ​បែបនេះ គឺ​មិនអាច​ទៅ​រួច​ឡើយ៕