កីឡាបាល់បោះគឺកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក ជាពិសេសនៅអាមេរិកតែម្ដង ហើយកីឡាករដែលមានឈ្មោះបោះសំឡេងខ្លាំងលើវិស័យមួយនេះគឺ Michael Jordan និង LeBron James។

Michael Jordan ត្រូវបានគេចាត់ទុកលោកជាកីឡាករបាល់បោះខ្លាំងបំផុតប្រចាំប្រវត្តិសាស្ត្រ និងបានក្លាយជាមហាសេដ្ឋីមួយរូប ក្រោយព្យួរស្បែកជើងដកខ្លួនពីតារាងបាល់បោះរយៈពេលជិត ១០ ឆ្នាំ។

ដោយឡែក LeBron James វិញ បានក្លាយជាមហាសេដ្ឋីមួយរូប ខណៈបច្ចុប្បន្នលោកក៏កំពុងតែប្រកបអាជីពជាកីឡាករបាល់បោះដដែល ហើយកិត្តិនាមរបស់លោកក៏កំពុងល្បីខ្លាំង រហូតដល់ថ្នាក់ផលិតកម្មយក្ស Warner Animation Group ផលិតខ្សែភាពយន្តគំនូរជីវចលសម្រាប់រូបលោកថែមទៀត។ នេះបើតាមការចុះផ្សាយពី Forbes។

ប្រភពដដែលបន្ថែមថា James បានក្លាយជាកីឡាករបាល់បោះលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលវិវត្តខ្លួនក្លាយជាមហាសេដ្ឋី អំឡុងពេលប្រកបអាជីពជាអត្តពលិកនៃកីឡាបាល់បោះ។

សារព័ត៌មានដែលចុះផ្សាយពីបុគ្គលល្បីៗទូទាំងពិភពលោកខាងលើបានបញ្ជាក់ទៀតថា ប៉ុន្មានឆ្នាំចុងក្រោយ ចំណូលរបស់ James មានការកើនឡើងខ្លាំងពីកុងត្រាធំៗជាមួយក្រុមហ៊ុនយក្សដូចជា Nike, AT&T, PepsiCO និង Walmart ជាដើម ហើយកាលពីឆ្នាំទៅលោកបានជាប់ជាអត្តពលិកមានចំណូលច្រើនបំផុតលើលោកទី ២ ថែមទៀត ពោលរកបានជាង ១២០ លានដុល្លារ/ឆ្នាំ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់ LeBron James មានប្រមាណ ១ ពាន់លានដុល្លារ៕