ពលរដ្ឋម៉ាឡេស៊ី បាក់នាំគ្នាទិញទុរេនថៃ ជាងទុរេនក្នុងស្រុក ដោយសាតម្លៃទាបជាង

អន្តរជាតិ

ការលក់ទុរេននៅក្នុងស្រុក របស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះខ្លាំង នៅរដូវនេះ ដោយសារតែអតិថិជន និងអ្នកនិយមបរិភោគទុរេន បាក់នាំគ្នាទិញផ្លែទុរេនពីប្រទេសជិតខាងច្រើនជាង ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន StraitsTimes ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង យោងតាមសម្តី​អ្នកលក់ទុរេននៅរដ្ឋ Seriab លោក Syed Alkhaled Syed Ali បានអះអាងថា ការលក់ទុរេន ក្នុងស្រុក នៅតូបរបស់គាត់ បានធ្លាក់ចុះរហូតដល់ទៅ ៧០% បើធៀបនឹងរដូវកាលទុរេន កាលពីឆ្នាំមុន ដោយពលរដ្ឋម៉ាឡេស៊ីជាច្រើន នាំគ្នាទិញទុរេននាំចូលពីប្រទេសថៃ ព្រោះវាមានតម្លៃថោកជាងទុរេនក្នុងស្រុក ។

មិនតែប៉ុណ្ណោះ លោក Ayed បាននិយាយថា ៖ ” ទុរេនថៃ មានតម្លៃប្រហែល ៣,៤ ដុល្លារ ក្នុងមួយគីឡូក្រាម ដែលទាបជាងផ្លែទុរេនក្នុងស្រុក ដែលលក់បានចន្លោះពី ៥,២៤ ទៅ ១៥,៩៦ ដុល្លារ ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើប្រភេទទុរេន និងគុណភាពផ្លែទុរេន ” ។

យ៉ាងណាក៏ដោយ អ្នកលក់ទុរេនម៉ាឡេស៊ីផ្សេងទៀត បាននិយាយថា អតិថិជនរបស់គាត់មួយចំនួន នៅតែចូលចិត្តទុរេនក្នុងស្រុកជាង ព្រោះវាមានរសជាតិផ្អែម និងមានក្លិនឈ្ងុយជាង ទុរេននាំចូលមកពីប្រទេសថៃ ៕