Apple ចាប់ផ្តើមងាកចេញពីចិន ដោយជ្រើសយកប្រទេសអាស៊ានមួយនេះវិញ ដើម្បីផលិត iPad របស់ខ្លួន

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងចាប់ផ្តើមផលិត iPad ជាលើកដំបូង នៅក្នុងប្រទេសវៀតណាម ដែលនេះជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើចម្រុះកម្ម ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន ដែលជាកន្លែងផលិតដ៏សំខាន់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា នេះបើតាមប្រភពពី Nikkei Asia ដែលបានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ​ កំពុងផ្លាស់ប្តូរទីន្លែងផលិត iPad មួយចំនួនចេញពីប្រទេសចិន និងប្តូរទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីបានជួបផលលំបាកខ្លាំង ដោយសារតែច្បាប់រឹតត្បិតដ៏តឹងតែង ចំពោះកូវីដ ១៩ ទាំងនៅក្នុង និងជុំវិញទីក្រុងសៀងហៃ ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ អស់ពេលជាច្រើនខែ ។

គួរឱ្យដឹងថា ក្រុមហ៊ុន BYD របស់ចិន ដែលជាក្រុមហ៊ុនដំឡើង iPad ដ៏ឈានមុខគេមួយ ហើយបានជួយ Apple បង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសវៀតណាមផងនោះ នៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន នឹងចាប់ផ្តើមផលិតថេប្លេតជំនាន់ថ្មីៗ មួយចំនួន នៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។

កត់សម្គាល់ថា iPad នឹងក្លាយជាផលិតដ៏សំខាន់ទីពីររបស់ក្រុមហ៊ុន Apple ដែលនឹងត្រូវផលិតនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីស៊េរីកាស AirPods ។

កាលពីឆ្នាំមុន Apple បាននាំចេញ iPad ចំនួន ៥៨ លានគ្រឿង នៅទូទាំងពិភពលោក ដែលភាគច្រើន គឺត្រូវបានផលិត នៅក្នុងប្រទេសចិន ៕