កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកមានគម្រោងផ្ដល់ជំនួយដល់ប្រជុំកោះសូឡូម៉ុង ដែលត្រូវជាសម្ព័ន្ធមិត្តរបស់មហាអំណាចចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣០ លានដុល្លារ លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះបើតាមការចុះផ្សាយពី CNA។
កញ្ចប់ទឹកប្រាក់ដែលគ្រោងផ្ដល់ឲ្យប្រជុំកោះនៅទ្វីបអូសេអានីមួយនេះ គឺរាប់បញ្ចូលទាំងការធ្វើកំណែទម្រង់ឡើងវិញនូវប្រលានយន្តហោះប្រមាណ ៨៩ លានដុល្លារ ខណៈគម្រោងសាងសង់ធំៗ ៣ ទៀតត្រូវចំណាយប្រហែល ៤១ លានដុល្លារ។
គម្រោងធំៗទាំង ៣ នោះអាចនឹងទម្លាយឲ្យដឹងជាផ្លូវការនៅក្នុងខែនេះ ស្របពេលគេសន្និដ្ឋានថា វានឹងលេចរូបរាងនៅរដ្ឋធានី Honiara ក៏ដូចជាការអភិវឌ្ឍន៍ស្ពាន ៤ ខ្សែផងដែរ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍។
គូសរំលឹកផងដែរថា ប្រជុំកោះសូឡូម៉ុងបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់មហាអំណាចលោកខាងលិច បន្ទាប់ពីពួកគេបានចុះអនុសញ្ញាសន្តិសុខជាមួយប្រទេសចិន ហើយអនុសញ្ញាមួយនោះអនុញ្ញាតឲ្យស្ដេចសេដ្ឋកិច្ចនៅអាស៊ីអាចប្រមូលភោគផលដ៏សំបូរបែបពីប្រទេសមួយនេះដោយងាយស្រួល៕