ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងចំនួន ៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រថាមពលអ៊ីដ្រូសែន និងផលិតអាម៉ូញាក់ តម្លៃ ១ ពាន់លានដុល្លារ នៅក្នុងប្រទេសអារ៉ាប់រួម ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ក្រុមហ៊ុន Korea Electric Power Corporation , Samsung C&T Corporation និង Korea Western Power នឹងចាប់ដៃគូជាមួយនឹងក្រុមរបស់អារ៉ាប់រួម Petrolyn Chemie ដើម្បីសាងសង់រោងចក្រមួយ ដែលអាចផលិតអាម៉ូញាក់រហូតដល់ ២ សែនតោន ក្នុងមួយឆ្នាំ ។
គួរឱ្យដឹងថា ថាមពលអ៊ីដ្រសែន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាប្រភពថាមពលដ៏សំខាន់ ដែលជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិស្ថាន ខណ:ទាំងអារ៉ាប់រួម និងអារ៉ាប៊ីអាអូឌីត បានដាក់ចេញនូវផែនការ ជាមួយមហិច្ឆតាដ៏ធំ សម្រាប់ផលិតថាមពលនេះ ចំពេលមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង រវាងប្រទេសទាំង ២ ។

បញ្ជាក់ទៀតថា រោងចក្រថ្មីនេះ នឹងត្រូវសាងសង់ជាពីរដំណាក់កាល នៅក្នុងតំបន់ឧស្សាហកម្ម KIZAD ក្បែររដ្ឋធានី Abu Dhabi ដោយដំណាក់កាលទីមួយ អាចផលិតបាន ៣៥ ០០០ តោន មុនពេលដំណាក់កាលពី ២ នឹងដំណើរការពេញលេញ ៕