យ៉ាងហោចណាស់មនុស្ស ៣៧នាក់បានស្លាប់ ដោយសារឃ្លាំងផ្ទុកកុងតឺន័រមួយ ក្នុងស្រុក Chattogram ប្រទេសបង់ក្លាដែស ចម្ងាយប្រហែល ២៤២គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី Dhaka បានឆាបឆេះជាបន្តបន្ទាប់ ដោយការផ្ទុះនៅយប់ថ្ងៃសៅរ៍។ នេះបើតាមសារព័ត៌មាន Xinhua Net ចុះផ្សាយកាលពីអាទិត្យម្សិលមិញ។
ប្រធានរដ្ឋបាលស្រុក Chattogram របស់ប្រទេសបង់ក្លាដែស បាននិយាយថា អគ្គិភ័យដែលបានឆាបឆេះឃ្លាំងកុងតឺន័របានបណ្តាឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៣៧នាក់ ខណៈដែលមន្ត្រីពន្លត់អគ្គីភ័យបានព្រមានថាចំនួនអ្នកស្លាប់ទំនងជាកើនឡើង។
បើតាមមន្រ្តី អគ្គីភ័យបានឆាបឆេះនៅក្នុងកុងតឺន័រមួយក្នុងចំណោមធុងផ្ទុកសារធាតុគីមីនៅក្នុងទីធ្លាកុងតឺន័រដែលមានទីតាំងនៅ Sitakunda ជាយក្រុង Chattogram ។
ប្រធានរដ្ឋបាលស្រុក Mohammad Mominur Rahman បានប្រាប់ Xinhua តាមទូរស័ព្ទចល័តថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះដេប៉ូបានកើនឡើងដល់ ៣៧ នាក់កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពី “មនុស្ស ២៣ នាក់ផ្សេងទៀតបានស្លាប់ដោយសាររបួសរបស់ពួកគេ” ។
លោកបាននិយាយថា យ៉ាងហោចណាស់ ២០០ នាក់ផ្សេងទៀតបានរងរបួសដោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅដែលបានឆាបឆេះនៅម៉ោងប្រហែល ៨ យប់ ម៉ោងក្នុងស្រុក្រ នាថ្ងៃសៅរ៍នៅ BM Container Depot Ltd. ដែលជាកុងតឺន័រឯកជនជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ប្រទេសហូឡង់-បង់ក្លាដែស។
ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលភាគច្រើនមានការរលាកពីស្រាលទៅធ្ងន់ ហើយពួកគេមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីពន្លត់អគ្គិភ័យបានព្រមានថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង។
ប្រធានរដ្ឋបាលស្រុកបាននិយាយថា អង្គភាពពន្លត់អគ្គីភ័យចំនួន ១៦ បាននិងកំពុងព្យាយាមពន្លត់ភ្លើង ដែលស្ទើរតែគ្រប់គ្រងបាននៅព្រឹកថ្ងៃអាទិត្យ៕