Biden ប្រកាសលើកលែងពន្ធចំពោះការនាំចូលបន្ទះសូឡាពីប្រទេសអាស៊ានចំនួន ៤ រួមទាំងកម្ពុជា

អន្តរជាតិ

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden ថ្មីៗនេះ នឹងចេញសេចក្តីប្រកាសមួយ ដែលនឹងអនុញ្ញាតឱ្យមានការនាំចូលបន្ទះសូឡា ពីប្រទេសថៃ ម៉ាឡេស៊ី កម្ពុជា និងវៀតណាម ទៅកាន់ទឹកដីសហរដ្ឋអាមេរិកឡើងវិញ ដោយមិនត្រូវការបង់ពន្ធសម្រាប់រយ:ពេល ២៤ ខែ ។ នេះបើយោងតាមការចុះផ្សាយពី​សារព័ត៌មាន​ Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាចំពោះសេចក្តីប្រកាសនេះផងដែរ ត្រូវបានធ្វើឡើង ចំពេលមានការព្រួយបារម្ភ អំពីផលប៉ះពាល់ ចំពោះការស៊ើបអង្កេតរយ:ពេលជាច្រើនខែមកហើយ ពីសំណាក់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ជុំវិញការនាំចូលបន្ទះសូឡាពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំង ៤ នេះ ថាមានជាប់ទាក់ទងជាមួយទំនិញគេចពន្ធ ដែលផលិតនៅក្នុងប្រទេសចិនឬអត់ ។

ចំពោះការស៊ីបអង្កេតនេះផងដែរ ត្រូវបានប្រកាសកាលពីចុងខែមីនា ហើយអាចចំណាយពេល ១៥០ ថ្ងៃ ឬច្រើនជាងនេះ ដើម្បីបិទបញ្ចប់វិញ ។

ដោយឡែក បើតាមប្រភពមួយ ដែលដឹងពីផែនការរបស់​សេតវិមាន​ បាននិយាយថា ៖ ” កាតព្វកិច្ចក្នុងការប្រមូលពន្ធ នៅតាមកំពង់ផែ នឹងត្រូវអស់សុពលភាពហើយ ដែលនេះគឺជាចំណុចស្នូលមួយ ចំពោះអ្វី ដែលយើងកំពុងជួយសង្រ្គោះដល់គម្រោងក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់ ហើយនិងធានាបានថា យើងនឹងឆ្ពោះទៅមុនជានិច្ច សម្រាប់គម្រោងមួយនេះ ” ។

គួរឱ្យដឹងការស៊ើបអង្កេតកន្លងមក របស់ក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ឈប់ការនាំចូលទាំងស្រុងពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ដែលមានចំនួនជាងកណ្តាលនៃការផ្គត់ផ្គង់បន្ទះសូឡា របស់សហរដ្ឋអាមេរិក ឬ ៨០% នៃការនាំចូលសរុប ។

មិនតែប៉ុណ្ណោះ ប្រភពដែលមិនបានបញ្ចេញឈ្មោះមួយ បាននិយាយថា សកម្មភាពរបស់ លោក Biden ក្នុងការបិទបញ្ចប់ការស៊ើបអង្កេតនេះ នឹងនាំមកនូវភាពប្រាកដប្រជា ដល់ទីផ្សារថាមពលព្រះអាទិត្យរបស់សហរដ្ឋអាមេរិក ក៏ដូចជាអាចកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមហ៊ុននានា ចំពោះការត្រៀមទុនបម្រុងរាប់ពាន់លានដុល្លារ សម្រាប់ការបង់ពន្ធផងដែរ ។

បញ្ជាក់ទៀតថា នៅក្នុងឆ្នាំ ២០២១ ប្រទេសថៃ បាននាំចេញបន្ទះសូឡា ក្នុងតម្លៃប្រមាណ ១,០៧ ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ដែលស្មើនឹង ៤៩% នៃការនាំចេញបន្ទះសូឡាសរុបរបស់ប្រទេស នៅអាស៊ានមួយនេះ ៕