វៀតណាម កំពុងប្រមូលទិញចូលប្រេងសាំងតម្លៃថោក ពីប្រទេសម៉ាឡេស៊ី ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនទំនងជាអាចជួយសម្រាលដល់ភាពការខ្វះខាត និងជួយបន្ទាបតម្លៃប្រេងសាំង នៅក្នុងស្រុកបាននោះឡើយ ។ នេះបើតាមការចុះផ្សាយពី VN Express ។
ការិយាល័យពាណិជ្ជកម្មរបស់វៀតណាម បាននិយាយថា រដ្ឋាភិបាល កំពុងធ្វើការជាមួយប្រទេសម៉ាឡេស៊ី ដើម្បីនាំចូលប្រេងសាំងប្រភេទ RON 95 ចំនួន ៣០០ ០០០ លីត្រ ដើម្បីជួយកាត់បន្ថយភាពខ្វះខាត នៅក្នុងស្រុក ។
តែទោះជាយ៉ាងណាក៏ដោយ ការទិញចូលនេះ មានត្រឹមតែប្រហែលមួយភាគរយប៉ុណ្ណោះ នៃតម្រូវការប្រចាំថ្ងៃរបស់វៀតណាម ។
គួរឱ្យដឹងថា នៅប្រទេសម៉ាឡេស៊ី សាំង RON 95 មួយលីត្រ ត្រូវបានដាក់លក់ក្នុងតម្លៃ ២,០៥ រីងហ្គីត ឬ ០,៤៧ ដុល្លារ ដែលស្មើនឹងមួយភាគបី នៃតម្លៃ នៅក្នុងប្រទេសវៀតណាម នៅពេលដែលប្រេងសាំងរបស់ពួកគេ បានហក់ឡើងដល់កម្រិតខ្ពស់ ៣១ ៥៧០ ដុង ឬ ១,៣៦ ដុល្លារ កាលពីថ្ងៃពុធសប្តាហ៍មុន ។
មិនតែប៉ុណ្ណោះ តំណាងនាយកដ្ឋានទីផ្សារក្នុងស្រុក របស់ប្រទេសវៀតណាម ដែលស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា តម្លៃប្រេងសាំងនៅវៀតណាម ទំនងជាមិនអាចទទួលបានតម្លៃទាប ក្រោយពីការនាំចូលពីប្រទេសម៉ាឡេស៊ីនោះឡើយ ។
បុគ្គលខាងលើ បានបន្ថែមទៀតថា ប្រេងសាំង RON 95 នៅក្នុងប្រទេសម៉ាឡេស៊ី ទទួលបាការឧបត្ថម្ភធន ដោយរដ្ឋាភិបាល ហើយវាមិនជាប់ពន្ធនោះទេ នៅពេលលក់ឱ្យប្រជាជនម៉ាឡេស៊ី ស្របពេលតម្លៃនៃការនាំចេញវិញ មិនត្រូវបានឧបត្ថម្ភធន ឬស្មើនឹងតម្លៃនៅក្នុងតំបន់នោះឡើយ ។
ទន្ទឹមនឹងនោះ ពន្ធ និងថ្លៃសេវា ដែលមានចំនួន ៣០-៣២ ភាគរយ នៅក្នុងប្រទេសវៀតណាម ក៏ជាមូលហេតុធំមួយ ដែលធ្វើឱ្យតម្លៃប្រេងសាំង មិនអាចចុះទាបផងដែរ ។
ដោយឡែក លោក Hoang Van Cuong សមាជិកគណ:កម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា បានអំពាវនាដល់ស្ថាប័ននានា ពិចារណាកាត់បន្ថយពន្ធបន្ថែមទៀត ដើម្បីជួយបន្ទាបតម្លៃសាំង ដែលវានឹងអាចជួយបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋមួយកម្រិត ។
គួរឱ្យដឹងថា កាលពីខែមុន អតិផរណារបស់ប្រទេសវៀតណាម បានកើនឡើង ២,៨៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានជំរុញឱ្យមានការកើនឡើងនៃតម្លៃប្រេងសាំង អាហារ និងទំនិញមួយចំនួនទៀត ៕