កាលពីពេលកន្លងទៅ មានបែកធ្លាយដំណឹងថា នាយកប្រតិបត្តិ Tesla លោក Elon Musk បានកោះហៅបុគ្គលិកទាំងអស់ឲ្យត្រឡប់មកធ្វើការនៅក្រុមហ៊ុនដោយផ្ទាល់វិញ ហើយបានគម្រាមថា ត្រូវធ្វើការយ៉ាងតិច ៤០ ម៉ោង/សប្ដាហ៍ បើពុំដូច្នោះទេនឹងត្រូវបណ្ដេញចេញពីក្រុមហ៊ុន។

ក្រោយផ្ទុះព័ត៌មានមួយនោះហើយ មានមតិរិះគន់ជាច្រើនទៅលើមហាសេដ្ឋីអាមេរិក ដោយខ្លះលើកឡើងថា លោកបំពាននឹងច្បាប់ចត្តាឡឺស័ក ហើយខ្លះទៀតថាលោកប្រើអំណាចគាបសង្កត់បុគ្គលិកក្រោមឱវាទជាដើម។
ទន្ទឹមនឹងនោះ សាស្ត្រាចារ្យ Nicholas Bloom ដែលកំពុងបង្រៀននៅសកលវិទ្យាល័យ Stanford University បានបង្ហើបឲ្យដឹងថា Tesla កំពុងប្រឈមនឹងបញ្ហាបុគ្គលិកលាឈប់ដ៏សំបើម ពោលបុគ្គលិកប្រមាណជិត ១០ ម៉ឺននាក់កំពុងមានភាពងាករេក្នុងការសម្រេចចិត្តអំពីការបន្តដំណើរជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។

សាស្ត្រាចារ្យខាងលើបានបង្ហើបប្រាប់ថា បុគ្គលិក Tesla ប្រមាណ ៦០% អាចនឹងត្រឡប់ទៅកាន់ការិយាល័យធ្វើការវិញ ១០% អាចនឹងលាឈប់ ខណៈ ៣០% ទៀតកំពុងរកការងារថ្មីបណ្ដើរៗ។ នេះបើតាមការចុះផ្សាយពី Thestarphoenix។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនគូប្រជែងដទៃក៏បានឆ្លៀតពេលអូសទាញបុគ្គលិក Tesla តាមវិធីសាស្ត្រផ្សេងៗដូចជា បង្ហោះសារលើ Twitter អំពីការស្វាគមន៍ពួកគេជាដើម ស្របពេលអតីតបុគ្គលិក Tesla ធ្លាប់បង្ហើបថា ក្រុមហ៊ុនមួយនេះហាក់មិនសូវផ្ដល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់បុគ្គលិកឡើយ។

អតីតបុគ្គលិក Tesla មួយរូបបានបង្ហើបប្រាប់ Reuters ថា គេទើបនឹងចូលធ្វើការនៅ Alphabet បន្ទាប់ពីលាឈប់ពី Tesla ដោយសារ ក្រុមហ៊ុនមិនផ្ដល់ពេលវេលាផ្ទាល់ខ្លួន និងទទួលរងសំពាធខ្លាំងអំឡុងពេលធ្វើការ ដូចជាក្រុមហ៊ុនតម្រូវឲ្យមកការិយាល័យជាប្រចាំ ស្របពេលនៅ Google គេតម្រូវឲ្យមកការិយាល័យតែ ៣ ដងប៉ុណ្ណោះ/សប្ដាហ៍ ហើយក៏អាចធ្វើការពីផ្ទះបានដូចគ្នា។
បញ្ជាក់ដែរថា មួយរយៈកាលចុងក្រោយនេះ Elon Musk ហាក់មានរឿងរកាំរកូសមិនចេះអស់មិនចេះហើយ ពោលរឿងអាស្រូវពាក់ព័ន្ធនឹងការទិញយក Twitter នៅមិនទាន់ដោះស្រាយរួចរាល់ ចូលដល់បញ្ហាមួយនេះទៀត ជាហេតុបណ្ដាលឲ្យតម្លៃហ៊ុន Tesla ដាំក្បាលចុះខ្លាំង៕