កាលពីថ្ងៃច័ន្ទទី ០៦ មិថុនាកន្លងទៅ តុលាការអូស្ត្រាលី បានបង្គាប់បញ្ជាឲ្យ Google បង់ប្រាក់ពិន័យទៅកាន់អតីតរដ្ឋមន្ត្រីមួយរូបចំនួន ៧១៥ ០០០ ដុល្លារអូស្ត្រាលី ឬប្រហែឡ ៥១៥ ០០០ ដុល្លារអាមេរិក ខណៈអតីតអ្នកនយោបាយខាងលើគឺ John Barilaro។

តុលាការអូស្ត្រាលីបានរកឃើញថា Google មិនអាចលុបវីដេអូនៅលើផ្លេតហ្វម YouTube ដែលបង្ហាញអំពីភាពរើសអើង អំពើហិង្សា និងការចោទប្រកាន់ទៅលើអតីតរដ្ឋមន្ត្រីខាងលើ រហូតដល់ថ្នាក់ធ្វើឲ្យលោកឈរជើងលែងបាននៅលើវិស័យនយោបាយ។ នេះបើតាមការចុះផ្សាយពី Reuters។

ប្រភពដដែលបន្ថែមទៀតថា តុលាការយល់ឃើញថា ក្រុមហ៊ុនមេ Alphabet Inc មានបំណងរកលុយតាមរយៈវីដេអូដែលប៉ះពាល់ដល់កិត្តិយសរបស់លោក Barilaro ដោយសារអត្រាអ្នកមើលវីដេអូមួយនោះកើនឡើងដល់ជិត ៨០០ ០០០ ដង គិតតាំងពីការបង្ហោះនៅចុងឆ្នាំ ២០២០។

គូសរំលឹកដែរថា អូស្ត្រាលីហាក់មានភាពតឹងរ៉ឹងខ្លាំងលើបណ្ដាញសង្គម ពោលរដ្ឋាភិបាលតែងតែមានបញ្ហាជាញឹកញយជាមួយនឹងក្រុមហ៊ុនបណ្ដាញសង្គមធំៗដូចជា Facebook និង Google ជាដើម រហូតដល់ថ្នាក់ក្រុមហ៊ុនអន្តរជាតិទាំងនេះមានការរអាក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសមួយនេះ។
បញ្ជាក់បន្ថែមថា មកទល់នឹងពេលនេះ Google នៅមិនទាន់ចេញមុខបកស្រាយទាក់ទងនឹងបញ្ហាខាងលើនៅឡើយទេ៕