Starbucks គឺជាហាងកាហ្វេដែលទទួលបានការគាំទ្រខ្លាំងក្លាទូទាំងសកលលោក ដែលមានសាខារាប់ពាន់ នៅលើពិភពលោកហើយបានលេចវត្តមានតំបូងនៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក រយៈពេល ៥ ទសវត្សមុន ។

ចាប់ផ្ដើមអាជីវកម្មតំបូង ហាងកាហ្វេលំដាប់ពិភពលោកមានឈ្មោះថា Pike Place Starbucks ឬ Original Starbucks ហើយការដាក់ឈ្មោះបែបនេះ ដោយសារទីតាំងរបស់ហាងមាននៅផ្សារ Pike Place Market នៃទីក្រុង Seattle រដ្ឋ Washington។ នេះបើតាមឯកសារពី Wikipedia។

គិតចាប់តាំងពីការបើកអាជីវកម្មតំបូងនៅឆ្នាំ ១៩៧១ មកទល់នឹងបច្ចុប្បន្ន សាខាតំបូងបំផុតលើលោកមួយនេះ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ ហើយកាលពីពេលកន្លងទៅ ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន WK Sam Sn Realty ក៏បានឆ្លៀតចូលទស្សនាហាងកាហ្វេលំដាប់អន្តរជាតិមួយនេះ អំឡុងពេលបំពេញបេសកកម្មអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមធ្វើសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាមួយនឹងប្រធានាធិបតី ចូ បៃឌិន។

តាមរយៈការបង្ហោះសារលើគណនី Facebook ឧកញ៉ា សំ សុខនឿន បានឲ្យដឹងថា៖ សាកកាហ្វេ Starbucks សាខាដំបូងគេបំផុត ឬទី១ លេីសកលលោក នៅ Seattle។

សូមជម្រាបដែរថា រយៈពេល ប្រមាណ ៥១ ឆ្នាំ ក្នុងការបោះជំហានអាជីវកម្ម Starbucks មានសាខាប្រមាណលើសពី ៣៣ ០០០ សាខាទូទាំងពិភពលោក ក្នុងនោះក៏មាននៅកម្ពុជាផងដែរ ខណៈសហរដ្ឋអាមេរិកមានប្រហែល ៥០% នៃ សាខាសរុប។

ដោយឡែកបើយោងតាមការចុះផ្សាយពី Foodtruckempire បានឲ្យដឹងថា ប្រសិនបើលោកអ្នកមានចំណាប់ អារម្មណ៍ចង់ទិញសិទ្ធលក់បន្តពី Starbucks លោកអ្នកត្រូវមានទឹកប្រាក់ យ៉ាងតិច ២៥០ ០០០ ដុល្លារ ខណៈ ៥០% នៃ ទឹកប្រាក់នោះគឺនឹងត្រូវប្រើប្រាស់លើអាជីវកម្ម ហើយទឹកប្រាក់ដែលសេសសល់គឺ ត្រៀមទប់ទល់ពេលអាជីវកម្ម ជាប់គាំង ហើយលោកអ្នកក៏តម្រូវឲ្យបង់ប្រាក់តម្កល់ចន្លោះ ពី ៤ ទៅ ៩ ម៉ឺនដុល្លារផងដែរ៕